• ពិតជាសំណាងណាស់! យុវជនវ័យក្មេងម្នាក់រួចផុតពីចំណីខ្លាឃ្មុំ នៅខេត្តរតនគិរី

    រតនគិរី ៖ យុវជនវ័យក្មេងម្នាក់បានដើរទៅមើលអង្គុបដាក់សត្វក្នុងព្រៃជាមួយឪពុករបស់ខ្លួនក៏ត្រូវបានសត្វខ្លាឃ្មុំខាំបណ្តាលអោយរងរបួសធ្ងន់កាលពីវេលាម៉ោង២ រសៀលថ្ងៃទី៦ខែវិច្ឆកា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចក្នុងព្រៃ ភូមិទំពួនរឺងតូច ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

    បើតាមសមត្ថកិច្ចស្រុកតាវែង បានអោយដឹងថា យុវជនដែលត្រូវខ្លាឃ្មុំខាំរងរបួសធ្ងន់នោះមាន ឈ្មោះ ណយ សឺអុី អាយុ១៦ឆ្នាំ ជនជាតិទំពួន រស់នៅភូមិទំពួនរឺងតូច ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

    សមត្ថកិច្ចបានអោយដឹងទៀតថា មូលហេតុដែលយុវជនខាងលើត្រូវសត្វខ្លាឃ្មុំខាំនោះ ដោយសារតែយុវជនរូបនេះបានដើរទៅក្នុងព្រៃជ្រៅជាមួយឪពុករបស់ខ្លួន ដើម្បីមើលអង្គុបដាក់សត្វ ក៏ប្រទះឃើញសត្វខ្លាឃ្មុំ ក្នុងព្រៃនោះ ហើយក៏ត្រូវបានសត្វខ្លាឃ្មុំខាំបណ្តាលអោយរងរបួសធ្ងន់តែម្តង។ គ្រានោះឪពុកបានជួយ រួចឪពុកបាននាំកូនមកផ្ទះនិងរាយការណ៍ទៅសមត្ថកិច្ចស្រុកតាវែងអោយជួយអន្តរាគមន៍ជួយនាំយកទៅសង្គ្រោះផងដែរ។

    ជនរងគ្រោះដែលត្រូវខ្លាឃ្មុំខាំបណ្តាលអោយរងរបួសធ្ងន់នោះត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាវែងក្រោម ដឹកយកមកសំរាកព្យាបាលនៅមណ្ឌលសុខភាពស្រុកតាវែង៕

    ប្រភព៖ ភ្នំពេញ ញូស៍

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ