សហព័ន្ធ​កីឡា​វាយសីកម្ពុជា បើក​វគ្គបណ្ដុះ​បណ្ដាល​ចៅក្រម​-​អាជ្ញា​កណ្ដាល​អន្ដរជាតិ លើកដំបូង

(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាវាយសីអាស៊ី នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស សម្រាប់ចៅក្រុម-អាជ្ញាកណ្ដាលកម្រិតអន្ដរជាតិលើកដំបូង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានលោក មាស សារិន ទីប្រឹក្សាក្រសួងអប់រំ និងជាអនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា។

ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជាក់ថា វគ្គបណ្ដោះបណ្ដាលកម្រិតអន្ដរជាតិនេះ គ្រោងធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៧-១១ ខែវិច្ឆិកា ក្រោមការធ្វើបទបង្ហាញពីគ្រូឧទ្ទេសជនជាតិនេប៉ាល់លោក Shrestha Laba Bhakta ដែលជាមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធកីឡាវាយសីអាស៊ី និងមានការចូលរួមពីសិក្ខាកាមសរុបចំនួន ៣៦នាក់។

នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាវាយសីកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចៅក្រុម និងអាជ្ញាកណ្ដាលនេះឡើង បន្ទាប់ពីសហព័ន្ធមានកិច្ចសហប្រតិបត្តិការល្អ និងទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី ដែលបានបញ្ជូនគ្រូឧទ្ទេសខាងលើមកបង្ហាត់បង្រៀនដល់សិក្ខាកាមកម្ពុជា។ ថ្នាក់ដឹកនាំកីឡាវាយសីកម្ពុជា បានចាត់ទុកវគ្គនេះ គឺជាវគ្គដ៏សំខាន់ដែលសិក្ខាកាមត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនឲ្យក្លាយជាចៅក្រម ឬអាជ្ញាកណ្ដាលអន្ដរជាតិនាថ្ងៃអនាគត។

អគ្គលេខាធិការរងសហព័ន្ធខាងលើបន្ដថា «កម្ពុជាមិនធ្លាប់មានវគ្កបណ្ដុះបណ្ដាលនេះពីមុនទេ តែឥឡូវសហព័ន្ធកីឡាវាយសីអាស៊ី បានដាក់ផែនការរៀបចំវគ្គបណ្ដុះបណ្ដាលចៅក្រម​-អាជ្ញាកណ្ដាលនៅកម្ពុជារៀងរាល់ឆ្នាំ រួមទាំងវគ្គគ្រូមួយទៀត ចាប់ពីឆ្នាំនេះទៅ។ ចឹងនេះគឺឱកាសដ៏ល្អ ដែលមន្ដ្រីបច្ចេកទេសសហព័ន្ធត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ឈានទៅរកកម្រិតអន្ដរជាតិ ដើម្បីត្រៀមចូលរួមកាត់ក្ដីក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសគឺការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង»។

ដោយហេតុនេះ ក្នុងនាមតំណាងឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានធ្វើការជំរុញដល់សិក្ខាកាមម្នាក់ៗ ត្រូវយកចិត្តទុកដាក់រៀនសូត្រ និងស្វែងយល់ពីបច្ចេកទេសថ្មីៗដែលគ្រូឧទ្ទេសលោក Shrestha Laba Bhakta បានបង្រៀន ដើម្បីទទួលបាននូវចំណេះដឹងយកទៅអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវាយសីកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ