សាស្ត្រាចារ្យ និង បុគ្គលិកផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យន័រតុន ៤ នាក់កំពុងរងការចោទប្រកាន់ពីបទឆបោកលុយពីក្រុមនិស្សិតរបស់ខ្លួនប្រមាណជាង ១៣០ នាក់។ នេះបើយោងតាមខិត្តប័ណ្ណផ្សព្វផ្សាយព័ត៌មាន របស់សាកលវិទ្យាល័យនេះ ចុះថ្ងៃ ០១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
ខិត្តប័ណ្ណផ្សព្វផ្សាយព័ត៌មាន ដែលមានចំណងជើងថា«ដំណឹងអាហារូបករណ៍បោកប្រាស់» ដែលត្រូវបានគេបិទផ្សាយនៅពីមុខបន្ទប់ការិយាល័យបេឡាធិការ នៃ សាកលវិទ្យន័រតុននោះ បានបង្ហាញថា ឈ្មោះ ឡេង ម៉ាឡែន, ចំរើន ស្រីនាថ, ភឿក កោវិទ្ធ និង ឈ្មោះ ភី ស្រីវួច បានបង្កើត«វិក្ក័យបត្រ និងហត្ថលេខាក្លែងក្លាយ ព្រមទាំងបានលួចកែប្រែប្រព័ន្ធ គ្រប់គ្រងទិន្នន័យ» របស់សាកលវិទ្យាល័យ ដើម្បីបោកប្រាស់យកលុយពីសិស្សរបស់ខ្លួន សរុប ១៣៥ នាក់ ដែលបានបង់លុយសម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩។
ទន្ទឹមនឹងនេះ សាកលវិទ្យាល័យនេះ ក៏បានអំពាវនាវ ដល់ក្រុមនិស្សិតរងគ្រោះទាំងនោះ ឲ្យប្រញាប់ប្រញាល់ទៅទារលុយដែលខ្លួនបង់តាមរយៈជនសង្ស័យខាងលើនេះ ត្រឡប់មកវិញ និង ដាក់ពាក្យបណ្ដឹងតវ៉ាទៅការិយាល័យរដ្ឋបាល និងបុគ្គលិក ដើម្បីឲ្យសាកលវិទ្យាល័យជួយដោះស្រាយ និងចាត់ចែងរៀបចំពាក្យបណ្ដឹងប្រឆាំងជនសង្ស័យទាំងបួនខាងលើនេះទៅតាមនីតិវិធីច្បាប់។
ខិត្តប័ណ្ណផ្សព្វផ្សាយព័ត៌មានដដែលនោះ បានគូសបញ្ជាក់ថា៖ «សាកលវិទ្យាល័យ មិនទទួលស្គាល់ និង មិនទទួលខុសត្រូវ ចំពោះការបង់ប្រាក់ដែលខុសពីការិយាល័យបេឡានោះឡើយ»។
ជុំវិញព័ត៌មានខាងលើនេះ បានធ្វើឲ្យក្រុមនិស្សិតរងគ្រោះ និង អាណាព្យាបាលរបស់ពួកគេភាគច្រើនមិនសប្បាយចិត្តនោះទេ នឹងទាមទារឲ្យសាកលវិទ្យាល័យនេះ ទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលបានកើតឡើង ដោយពួកគាត់អះអាងថា ជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើសឆបោកខាងលើនេះ ជាសាស្ត្រាចារ្យ និង ជាបុគ្គលិក ដែលបម្រើ ការងារផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ។
អ្នកស្រី កែវ ថា អាយុ ៥៤ ឆ្នាំ ដែលជាម្ដាយរបស់និស្សិតរងគ្រោះឈ្មោះ តាន់ ស្រីរ៉ា ដែលសិក្សាឆ្នាំទី២ផ្នែកបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យនេះ បាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា គាត់រីករាយចំពោះភាពឈឺឆ្អាលរបស់បុគ្គលិកនិងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យនេះ ដែលបានប្រកាសឲ្យដឹងអំពីទង្វើអាក្រក់របស់បុគ្គលទាំងបួននាក់នោះ ប៉ុន្តែគាត់ទាមទារឲ្យសាកលវិទ្យាល័យទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលបានកើតឡើង។
អ្នកស្រីកែវ ថា ដែលអះអាងថាជាស្ត្រីមេម៉ាយកូន ៥ និង ប្រកបរបរលក់បន្លែបង្កាគ្រប់មុខ នៅក្នុងផ្សារគីឡូម៉ែត្រលេខ ៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយទាំងរលីងរលោងទឹកភ្នែកថា៖ «ដើម្បីបង្គ្រប់បង់ថ្លៃសាលាឲ្យកូនស្រីក្នុងមួយឆ្នាំជាង ៤០០ ដុល្លារ គឺខ្ញុំចាំបាច់ត្រូវខ្ចីអ្នកជិតខាងបន្ថែម ព្រោះចំនួននេះវាច្រើនណាស់សម្រាប់អ្នកក្រីក្រដូចខ្ញុំ ដូច្នេះការសិក្សារបស់កូនស្រីខ្ញុំត្រូវបន្តទៅមុខ ឬត្រូវបញ្ចប់ នៅពេលនេះ គឺ អាស្រ័យលើទំនួលខុសត្រូវរបស់សាកលវិទ្យាល័យ»។
ជុំវិញបញ្ហានេះ កាលពីម្សិលមិញ បុគ្គលិកផ្នែករដ្ឋបាលនៃសាកលវិទ្យាល័យន័រតុនម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ក្រុមគណៈកម្មការនៃក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យនេះ កំពុងបើកកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយដោយសន្តិវិធី លើករណីនេះហើយ និងសូមឲ្យក្រុមនិស្សិត និងអាណាព្យាបាលរបស់ពួកគេ មានការអត់ធ្មត់៕
ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍