ប្រជាជនខ្មែរបានទៅលេងប្រទេសជប៉ុនបានកើនឡើងយ៉ាងគំហុករហូតដល់ ១ម៉ឺន ៨ពាន់នាក់ នៅឆ្នាំ២០១៧ បើធៀបនឹងឆ្នាំ២០១០ មានតែ ៣ ០០០នាក់ប៉ុណ្ណោះ។ ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ស្ថាប័នជាតិទេសចរណ៍ជប៉ុន សហការជាមួយស្ថានទូតជប៉ុន នឹងរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុន នៅផ្សារទំនើបអ៊ីអន២ សែនសុខ នាថ្ងៃទី ១០-១១ ខែវិច្ឆិកា ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជប៉ុនទៅកាន់ប្រជាជនកម្ពុជា និងពង្រឹងចំណងទាក់ទងលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ពិព័រណ៍ ដែលមានរយៈពេល២ថ្ងៃនេះ នឹងមានសកម្មភាពជាច្រើនដូចជាការសម្ដែងសិល្បៈវាយស្គរប្រពៃណីជប៉ុន ដោយក្រុម Mekong Daiko ជប៉ុនប្រចាំនៅទីក្រុងភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា អ្នកចូលរួមទាំងអស់នឹងបានទទួលយកនូវបទពិសោធន៍នៃការធ្វើដំណើរកម្សាន្តទៅប្រទេសជប៉ុន តាមរយៈឧបករណ៍បច្ចេកវិទ្យាចុងក្រោយ ការស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុនយូកាតា និងថ្នាក់រៀនក្រដាស ឬជាភាសាជប៉ុនហៅថាអូរីហ្គាមី៕