(ភ្នំពេញ)៖ ពិតជារឿងមួយធ្វើឲ្យ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈលេចឮនូវដំណឹងថា លោក ងួន ស៊ីណាត ដែលគេឲ្យរហស្សនាមថា «ស្តេចហ្គេម» ប្រចាំប្រទេសកម្ពុជា លេចវត្តមានជាតួឯកក្នុង MV ចម្រៀងថ្មី របស់លោក អីណូ មានចំណងជើងថា «ស្រឡាញ់អ្នក Single បានស្ទាវ»។
ការលើកឡើងបែបនេះ បន្ទាប់ពីគេឃើញមានវីដេអូមួយ បង្ហោះដោយតារាចម្រៀងប្រុស លោក អ៊ីណូ ដែលទំនងជាបង្ហាញពីសកម្មភាព ក្រុមការងារផលិតកម្ម សាន់ដេ កំពុងចុះថត MV ចម្រៀងថ្មីរបស់លោក គឺបទ «ស្រឡាញ់អ្នក Single បានស្ទាវ»។ អ្វីដែលពិសេសខុសធម្មតា ក្នុងវីដេអូនេះ មិនត្រឹមមានតែតារាសម្តែងនោះទេ គឺមានទាំងស្តេចហ្គេមទៀតផង ដោយក្នុងនោះស្តេចហ្គេមផ្ទាល់ បានអះអាងថា ខ្លួនមកសម្តែងជាតួឯកក្នុង MV ចម្រៀង ដែលមានចំណងជើងថា «ស្រឡាញ់អ្នក Single បានស្ទាវ» ខណៈគ្រាន់តែឮបែបនេះភ្លាម ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននឹកស្មានថា ស្តេចហ្គេម មកប្រឡូកក្នុងវិស័យសិល្បៈ ព្រោះកន្លងមកធ្លាប់តែឃើញលោក អង្គុយសំកុកលេងតែហ្គេម។
បើតាមការកត់សម្គាល់ លោក ងួន ស៊ីណាត ហៅ «ស្តេចហ្គេម» កំពុងតែល្បីខ្លាំងនៅលើបណ្តាញសង្គម រួមផ្សំទាំងការ ទទួលរងនូវពាក្យរិះគន់យ៉ាងចាស់ដៃ ពីសំណាក់បុគ្គលមួយចំនួនទៀតផង ទៅលើការលេងហ្គេមយ៉ាងងប់ងល់របស់លោក។ ជាមួយនឹងការរិះគន់ទាំងឡាយ ដែលបានចាក់ស្រោចទៅលើលោកកន្លងមក ហាក់មិនបានធ្វើឲ្យបុរសញៀនហ្គេម្នាក់នេះឈឺចិត្ត ស្អិតទ្រូងអ្វីឡើយ ផ្ទុយទៅវិញលោកបែរជារីករាយ នឹងជីវិតបែបនេះយ៉ាងខ្លាំង។
យ៉ាងណាមិញ បទចម្រៀងមួយនេះ នៅមិនទាន់ចេញ Full MV នៅឡើយទេ ខណៈទស្សនិកជនកំពុងតែអន្ទះសារចង់ទស្សនា ថាតើទេពកោសល្យថ្មី របស់ស្តេចហ្គេម ល្អមើលដល់កម្រិតណា?