(កូរ៉េ)៖ Sulli បានបង្ហាញរូបថតថ្មីៗរបស់នាងជាច្រើន តាមរយៈ Instagram មើលទៅតារាស្រីរូបនេះ កំពុងតែរីករាយជាមួយបុប្ផាដ៏ស្រស់ស្អាត ដែលកំពុងរីកដុះដាលនារដូវស្លឹកឈើជ្រុះ។
អ្វីដែលគិតមិនដល់ គឺតាមរយៈរូបភាពទាំងនេះ Sulli បែរជារងការរិះគន់ ពីមនុស្សរប៉ិលរប៉ូចមួយចំនួន ដែលសរសេរពាក្យមិនសមរម្យ នៅលើបណ្តាញទំនាក់ទំនងសង្គមថា នាងមិនបានពាក់អាវក្នុងទេ បើពិនិត្យមើលក្នុងរូបថតនោះ។ ជាថ្មីម្តងទៀត Sulli បានក្លាយជាប្រធានបទនៃការវែកញែក និងរិះគន់ឥតសំចៃពីមនុស្សមួយចំនួន ប៉ុន្តែអ្នកគាំទ្ររបស់នាង បានបញ្ចេញប្រតិកម្មភ្លាមៗថា នេះជាសេរីភាពរបស់នាង និងសិទ្ធិក្នុងការពាក់អ្វីដែលនាងជ្រើសរើស។
ទោះជាយ៉ាងណា Sulli នៅតែទទួលបានការកោតសរសើរ ពីក្រុមអ្នកគាំទ្រថា នាងជាតារាចម្រៀងដ៏ស្រស់ស្អាត និងមានភាពក្លាហាន ជាមួយនឹងទេពកោសល្យដ៏ទាក់ទាញប្រៀបបី ដូចជាម្ចាស់ក្សត្រីយ៍៕