ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ សង្ស័យមានវិបត្តិគ្រួសារបើករថយន្តព្រូស បុកខឿនផ្លូវចង់សម្លាប់ខ្លួន ត្រូវបានសមត្ថកិច្ចសណ្ដាប់ធ្នាប់ខណ្ឌឃាត់ និងបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង២រសៀលថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០១៨នៅចំណុចគល់ស្ពានត្រើយខាងកើត តាមបណ្ដោយដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ស្ត្រីខាងលើប៉ងធ្វើអត្តឃាតនេះ ឈ្មោះ ភាព វិច្ឆិកា អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩ ក្នុងបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានអោយដឹងថា មុនកើតហេតុឃើញស្ត្រីវ័យក្មេងម្នាក់បើករថយន្តព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AP-០៣៦០ ហើយមិនដឹងមូលហេតុអី ស្រាប់បួងចង្កូតទៅខាងឆ្វេងដៃបុកខឿនសួនច្បារបណ្ដាលរថយន្តផ្ទុះកង់បើកទៅមុខមិនរួចតែស្ត្រីនៅតែបន្តព្យាយាមបើកទៅមុខទៀតហើយសមត្ថកិច្ចខ្លាចបើកបុកម៉ូតូផ្សេងទៀតក៏ធ្វើការឃាត់និងអោយស្ត្រីឈប់និងនាំចេញពីក្នុងរថយន្ត ដើម្បីសួរនាំ ។ សមត្ថកិច្ចបន្តថា ក្រោយពីសួរនាំស្ត្រីវ័យក្មេងប្រាប់សមត្ថកិច្ចថា មូលហេតុបើកបររថយន្តដោយមានវិបត្តិគ្រួសារឈ្លោះគ្នាជាប្ដីហើយក៏ខឹងបើករថយន្តចេញពីផ្ទះគោលបំណងចង់សម្លាប់ខ្លួនតែម្ដងដោយមិនចង់រស់បន្តជីវិតទៅមុខទៀតទេ ។
សមត្ថកច្ចបានឱ្យដឹងថា៖ ក្រោយស្តាប់ការរៀបរាប់នារីនេះ សមត្ថកិច្ចក៏បាននាំមកកាន់អធិការដ្ឋានគរបាលខណ្ឌច្បារអំពៅ ដោយមិនអោយបើកទៅទៀតទេ ខ្លាចគ្រោះថ្នាក់ដល់អ្នកដ៏ទៃ និងទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកយកត្រលប់ទៅផ្ទះវិញ ។ ចំពោះការខូចខាតខឿនសួនច្បារផ្លូវជាតិលេខ១នោះ អាជ្ញាធរខណ្ឌច្បារអំពៅ ក៏មិនបានចាប់ទោសអូសដំណើរ ទាមទារសងនោះទេ ៕
ប្រភព៖ CEN