ញាក់សាច់! ស្ត្រី​ជនជាតិ​អ៊ូហ្គាន់ដាម្នាក់ មាន​កូន​ដល់ទៅ ៣៨ ​នាក់​ដើម្បីចិញ្ចឹមរាល់ថ្ងៃ

ស្ត្រី​វ័យ​៣៩​ឆ្នាំ​​​ម្នាក់​នៅ​ប្រទេស​អ៊ូហ្គាន់ដា បាន​ផ្តល់​កំណើត​ដល់​កូន​៤៤​នាក់ ប៉ុន្តែ​បាន​ស្លាប់​៦ ដូច្នេះ​នាង​​នៅ​សល់​កូន​ចំនួន​៣៨​នាក់​នៅ​ក្នុង​បន្ទុក។

នាង​មាន​ឈ្មោះ​ថា ម៉ារីម ណាបាតាន់ហ្ស៊ី (Mariam Nabatanzi)។ ជីវិត​ពិត​ជា​មិន​ស្រួល​ឡើយ​សម្រាប់​នាង។ នៅ​ពេល​ដែល​មាន​អាយុ​ត្រឹម​១៣​ឆ្នាំ​ប៉ុណ្ណោះ ឪពុកម្តាយ​របស់​នាង​បាន​លក់​នាង​ទៅ​បុរស​ម្នាក់​ដែល​មាន​អាយុ ២៧ ឆ្នាំ។ ពួកគេ​ហៅ​វា​ថា​ជា​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ម៉ារីម​​មិន​ដឹង​អ្វី​ទាំង​អស់​រហូត​ដល់​នាង​បាន​ទៅ​ដល់​ផ្ទះ​បុរស​នោះ។

១​ឆ្នាំ​ក្រោយ​មក​នាង​បាន​ឆ្លង​ទន្លេ​កូន​ដំបូង ជា​កូន​ភ្លោះ។ មួយ​ឆ្នាំ​បន្ទាប់​នាង​មាន​កូន​ភ្លោះ​ម្តង​៣ ហើយ ឆ្នាំ​បន្ទាប់​ទៀត​ភ្លោះ​ម្តង​៤។

ក្នុង​នាម​ជា​ក្មេង​ស្រី​ជំទង់ ជីវិត​អាពាហ៍ពិពាហ៍​របស់​ម៉ារីម​ពិត​ជា​លំបាក​ខ្លាំង​មែនទែន។ “ប្តី​របស់​ខ្ញុំ​មាន​កូន​ជា​ច្រើន​ជាមួយ​ប្រពន្ធ​មុនៗ ហើយ​ខ្ញុំ​ត្រូវ​មើលថែ​ពួកគេ​ព្រោះ​ម្តាយ​​ពួកគេ​បែកបាក់​ទៅ​នៅ​កន្លែង​ផ្សេងៗ​អស់​ហើយ”។ នាង​បាន​​ផ្តល់​បទសម្ភាសន៍​ដល់​លោក Kassim Kayira អតីត​អ្នក​សារព័ត៌មាន​របស់ BBC។

នៅ​ពេល​ដែល​នាង​បាន​កូន​២៣​នាក់ ជា​ពេល​ដែល​នាង​សម្រេច​ចិត្ត​ថា​​គ្រប់គ្រាន់​ហើយ​ទើប​នាង​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​សួរ​ពី​វិធី​ពន្យារ​កំណើត​ណា​សាកសព។ បន្ទាប់​ពី​ធ្វើតេស្ត​យ៉ាង​ម៉ត់ចត់ វេជ្ជបណ្ឌិត​បាន​ប្រាប់​ថា​​នាង​មាន​កម្រិត​អូវែ​ខ្ពស់​ពេក។ ការ​ពន្យារ​កំណើត​តាម​របៀប​ណា​ក៏​ដោយ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​សុខភាព​ និង សូម្បី​តែ​ជីវិត​របស់​នាង។

ម៉ារីម មាន​កូន​៤៤​នាក់​ប៉ុន្តែ​ស្លាប់​៦។ ភ្លោះ​២​​ចំនួន​៦​ដង ភ្លោះ​៣​ចំនួន​៤​ដង និង ភ្លោះ​៤​ចំនួន​៣​ដង និង មាន​តែ​កូន​២​នាក់​ប៉ុណ្ណោះ​ដែល​​មិន​កើត​មក​ភ្លោះ​ដូច​គេ។

នាង​និយាយ​ថា​ប្ដី​របស់​នាង​​មិន​ដែល​នៅ​ជាមួយ​ពួកគេ​ឡើយ។ ជួន​បាត់​ពី​ផ្ទះ​១​ខែ ជួន​១​ឆ្នាំ ឬ លើស​ពី​នេះ។ នាង​និយាយ​ថា​ប្ដី​របស់​នាង​មិន​ដែល​ជួយ​ចិញ្ចឹម​កូន​ឡើយ លើក​លែង​តែ​ពេល​ដាក់​ឈ្មោះ​កូន​ប៉ុណ្ណោះ ហើយ​​ប្រាប់​តាម​ទូរស័ព្ទ​ទៀត។ កូន​ប្រុស​ច្បង​របស់​ម៉ារីម​ដែល​មាន​អាយុ​២៣​ឆ្នាំ​បាន​និយាយ​ថា​គេ​បាន​ឃើញ​ឪពុក​របស់​ខ្លួន​​ចុង​ក្រោយ​នៅ​ពេល​គេ​មាន​អាយុ​១៣​ឆ្នាំ។

ម្ហូបអាហារ​គឺជា​ការ​ចំណាយ​ដ៏​ធំ​បំផុត​សម្រាប់​គ្រួសារ​ដ៏​ធំ​មួយ​នេះ​។ ជា​រៀងរាល់ថ្ងៃ​ពួកគេ​ត្រូវការ​ម្សៅពោត​ឬ ម្សៅពោត ១០ គីឡូក្រាម សណ្ដែក ៧ គីឡូក្រាម និង ស្ករ ៤ គីឡូក្រាម។

ដើម្បី​អាច​រ៉ាប់រង​ការ​ចំណាយ​ទាំង​នេះ​បាន ម៉ារីម​ត្រូវ​រៀន​ជំនាញ​ផ្សេងៗ​​ដូច​ជា​​រក​ឱសថ​បុរាណ​ទៅ​លក់ ដុត​នំ រៀប​ឥដ្ឋ ត្បាញ ធ្វើ​សក់ រៀបចំ​និង​តុបតែង​​នៅ​ពេល​មាន​បុណ្យ​ទាន​ផ្សេងៗ និង សូម្បី​តែ​តុបតែង​សក់​សម្រាប់​កូន​កំលោះ​កូន​ក្រមុំ​នៅ​ពេល​មាន​ពិធី​អាពាហ៍ពិពាហ៍។

ម៉ារីម​បាន​និយាយ​ថា​នាង​មិន​មាន​ការ​សោកស្ដាយ​ទេ។ កូនៗ ទាំង​អស់​របស់​នាង​សុទ្ធ​តែ​កំពុង​រៀន​សូត្រ។ កូនភ្លោះ​ដំបូង​របស់​នាង​បាន​ក្លាយ​ជា​គិលានុបដ្ឋាយិកា​ម្នាក់ ហើយ​ម្នាក់​ទៀត​ជា​វិស្វករ។ “ខ្ញុំ​សង្ឃឹម​ថា​កូន​របស់​ខ្ញុំ​នឹង​អាច​រៀន​បន្ត​ពីព្រោះ​ពួកគេ​ទាំងអស់​មាន​មហិច្ឆតា​ធំ​ខ្លះ​ចង់​ធ្វើ​ជា​គ្រូពេទ្យ គ្រូ​បង្រៀន និង មេធាវី។ ខ្ញុំ​ចង់​ឱ្យ​ពួកគេ​សម្រេច​ក្តី​សុបិន​ទាំងនោះ ហើយ​ជា​អ្វី​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន”។

ម៉ារីម​​​បន្ថែម​ថា “ឈប់​លក់​កូន​ស្រី​របស់​អ្នក​សម្រាប់​អាពាហ៍ពិពាហ៍​ក្មេង​ខ្ចី​របស់​ពួកគេ។ ពួកគេ​រងទុក្ខ​ច្រើន​ពេក​ហើយ​ និង ការ​បាត់បង់​សេចក្តី​ស្រឡាញ់​របស់​ឪពុកម្ដាយ​គឺ​ជា​របួស​​ដែល​មិន​អាច​ជា​សះស្បើយ​បាន​ឡើយ”៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ