• CNN៖ ពលរដ្ឋ​កូរ៉េខាងត្បូងមាន​ទម្លាប់ធ្វើការងារលើសកម្លាំង រហូតដល់​ស្លាប់បាត់បង់​ជីវិត ហើយនេះជាបញ្ហា​ប្រឈមដែលពិបាក​ដោះស្រាយ!

    (សេអ៊ូល)៖ ការស្លាប់ដោយសារ​តែការធ្វើការងារ​លើសកម្លាំង​ របស់ប្រជាជន​កូរ៉េខាងត្បូង នៅតែជាបញ្ហាចោទ​នៅឡើយ​ សម្រាប់​រដ្ឋាភិបាលប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បើទោះជាបច្ចុប្បន្ន​រដ្ឋាភិបាលរបស់លោក​ កំពុងព្យាយាមកែប្រែ​ទម្លាប់អាក្រក់​មួយនេះ តាម​រយៈការកាត់បន្ថយម៉ោង​ធ្វើការ សម្រាប់ប្រជាពលរដ្ឋប្រចាំសប្ដាហ៍​ក៏ដោយ។

    នៅក្នុងបទ​សម្ភាសន៍ផ្តាច់មុខជាមួយ CNN នាពេលថ្មីនេះ លោកស្រី ផាក យុនស៊ុក (Park Hyun-suk) ដែលបានបាត់បង់ស្វាមី​ជាទីស្រឡាញ់​ ដោយសារ​ការធ្វើការងារ​លើសកម្លាំង​ បានរៀបរាប់ទំាងអារម្មណ៍ក្ដុកក្ដួល​ពីការនឹករលឹក​ដល់លោក ឈែ ស៊ូហុង (Chae Soo-hong) ជាស្វាមី។ លោកស្រី Park បានលើកឡើង​បន្ថែមថា លោក Chae​ ធ្វើការងារជា​អ្នកឯកទេសផ្គត់ផ្គង់​ម្ហូប ចាងចូរីម (jangjorim) ដែលជាមុខម្ហូបដ៏មាន​ប្រជាប្រិយ ភាពមួយ​នៅក្នុងប្រទេស​កូរ៉េខាងត្បូង។

    លោក Chae បានធ្វើការងារ​របស់លោក​ ដោយមិនខ្វល់ពីពេលវេលា​ឡើយ ហើយលោក ថែមចំណាយ​ពេលដេកនៅពេលយប់​ ទៅធ្វើការងារទៀត​ផង​រហូតធ្វើឱ្យសុខភាព​របស់លោកចុះទ្រុឌទ្រោម​យ៉ាងខ្លាំង និងឈានដល់សេចក្តីស្លាប់កាលពីព្រឹក​ថ្ងៃមួយនា​អំឡុងខែសីហា ឆ្នាំ២០១៧ មុនពេលលោកកំពុង​ត្រៀមខ្លួនចេញ​ដំណើរទៅធ្វើការ ទាំងស្ថិតនៅក្នុងពេលចុងសប្តាហ៍សោះនោះ។

    ដោយឡែក បើតាមទិន្នន័យ​របស់រដ្ឋាភិបាល​កូរ៉េខាងត្បូង លោក Chae Soo-hong គឺជាជនរងគ្រោះម្នាក់​ក្នុងចំណោមមនុស្សរាប់រយនាក់​ ដែលបានបាត់បង់ជីវិត ដោយសារតែការ​ធ្វើការងារលើសកម្លាំង​ កាលពីឆ្នាំ២០១៧។ បន្ថែមពី​លើនេះ ទិន្នន័យ​ដដែល​ក៏បានឱ្យដឹងទៀតថា ប្រជាជនកូរ៉េខាងត្បូង​ធ្វើការងារក្នុងមួយសប្ដាហ៍​ច្រើនម៉ោងជាង ប្រជាជន​នៃប្រទេសជា​សមាជិកអង្គការ OECD (អង្គការ​សម្រាប់កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍សេដ្ឋកិច្ច ឬ Organisation for Economic Co-operation and Development) ស្ទើរតែទាំងអស់។

    គួរបញ្ជាក់ថា កាលពីខែកក្កដា​កន្លងទៅ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន បានសម្រេចចិត្តកាត់​បន្ថយម៉ោងធ្វើការពី ៦៨ម៉ោង​ក្នុងមួយសប្ដាហ៍ មកនៅត្រឹម ៤០ម៉ោងក្នុងមួយ​សប្ដាហ៍វិញ ហើយការកាត់បន្ថយនេះ​ត្រូវបានលោក មូន ហៅថា ជាឱកាសដ៏សំខាន់ដើម្បី​ទប់ស្កាត់ការស្លាប់​ដោយសារការធ្វើការងារ​លើសកម្លាំង និងផ្ដល់ឱកាសឱ្យ​ប្រជាជនកូរ៉េខាងត្បូង​ចំណាយ ពេលគ្រប់គ្រាន់​រស់នៅជាមួយគ្រួសារ​របស់ពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ