• ទៅលេងមណ្ឌុលគិរី បើមិនបានទៅលេងកន្លែងទាំង៥នេះ ដូចអត់ទៅដល់មណ្ឌុលគិរីចឹង…!

    ខេត្ត​មណ្ឌលគីរី ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា គឺ​ជា​ដែន​ដី​សម្បូរ​ទៅ​ដោយ​ព្រឹក្ស​ព្រៃ និង​អាកាសធាតុ​ដ៏​ត្រជាក់​។ ​ខេត្ត​នេះ មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ជា​ច្រើន​ដែល​លាក់​ខ្លួន​ពួន​អាត្មា​មិន​សូវ​មាន​អ្នក​ទៅ​ដល់​។ ​ខាង​ក្រោម​នេះ​ជា​តំបន់​ទេសចរណ៍​ទាំង ៥​កន្លែង​ នៃ​ខេត្ត​មណ្ឌលគីរី​មាន​ទេសភាព​ល្អ​ប្រណិត​ដូច​រូប​គំនូរ បើ​បាន​ទៅ​លេង​ខែ​រងា​បែប​នេះ គឺ​សប្បាយ​បំផុត។

    ១. សមុទ្រ​ឈើ​

    សមុទ្រ​ឈើ​ ដែល​ស្ថិត​នៅ​ភូមិ​ឡៅកា ​ឃុំ​សុខដុម​ ​ក្រុង​សែន​មនោរម្យ​ ​​ខេត្ត​មណ្ឌល​គិរី​ ​ជា​កន្លែង​​ដែល​​មាន​​ទេសភាព​​ស្រស់​ត្រកាល​ ​ដោយ​​អាច​មើល​ព្រៃ​ឈើ​​​​​​ដ៏​ក្រាស់​ឃ្មឹក​ ដាច់​កន្ទុយ​ភ្នែក​​ជាប់​ជើង​មេឃប្រៀប​ដូច​ជា​សមុទ្រ។

    សមុទ្រ​ឈើ​ វា​មិន​មែន​គ្រប​ដណ្ដប់​ដោយ​ទឹក​ទេ គឺ​វា​​ពោរពេញ​ដោយ​ដើម​ឈើ។ មូលហេតុ​ ដែល​​គេ​ហៅ​ថា សមុទ្រ​ឈើ​ ព្រោះ​​ពេល​យើង​ឈរ​លើ​កូន​ភ្នំ​នេះ​ ​គឺ​អាច​មើល​ឃើញ​ព្រៃ​ឈើ​លាត​សន្ធឹង​​ជាប់​ជើង​មេឃ​ដាច់​កន្ទុយ​ភ្នែក ប្រៀប​ដូច​ទឹក​សមុទ្រ​ ​ហើយ​ឃើញ​​ភ្នំ​តូច​ធំ ​​​ប្រៀប​ដូច​ជា​កោះ​យ៉ាង​ដូច្នោះ​ដែរ។

    សមុទ្រ​ឈើ​ ​ស្ថិត​នៅ​​ខាង​ជើង​ឆៀង​ខាង​លិច​​ក្រុង​សែន​មនោរម្យ​ និង​នៅ​ជិត​ភ្នំ​ដោះ​ក្រមុំ។ ​​ភ្ញៀវ​ទេសចរ​ទៅ​លេង​នៅ​មណ្ឌល​គិរី​ មិន​សូវ​រំលង​​តំបន់​នេះ​ទេ ​ព្រោះ​​វា​ពិត​ជា​មាន​ទេសភាព​ស្រស់​ស្អាត​ណាស់ ​​ជា​ពិសេស​គឺ​ពេល​ថ្ងៃ​រះ និង​ថ្ងៃ​​​​លិច។ ​ជាមួយ​នឹង​អាកាស​ធាតុ​​ត្រជាក់ដ៏​​រ៉ូមែនតិក វា​ក៏​ជា​ទី​កន្លែង​​​អំណោយ​ទាន​សម្រាប់​គូ​ស្នេហ៍​​ក្នុង​ការ​សាសង​ ឬ​លក្ខណៈ​គ្រួសារ​ក៏​ទទួល​បាន​អារម្មណ៍​រីករាយ​ប្លែក​​ផង​ដែរ។

    ២. ផ្លូវ​ទៅ​ដាក់ដាំ

    ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​ ឆ្ពោះ​ទៅ​​​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង​ ​​រហូត​ដល់​ទល់​ដែន​ប្រទេស​វៀតណាម ចម្ងាយ​ផ្លូវ​ប្រហែល​ ៣០​គីឡូម៉ែត្រ​ លោក​អ្នក​នឹង​ឃើញ​​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ ​​​ប្រៀប​ដូច​ជា​នៅ​បណ្ដា​ប្រទេស​​អភិវឌ្ឍ​យ៉ាង​ដូច្នោះ​ដែរ។

    ជាមួយ​នឹង​​អាកាស​ធាតុ​ត្រជាក់​នៅ​តំបន់​ឦសាន​​ខេត្ត​មណ្ឌល​គិរី​ ​ផ្លូវ​ទៅ​ដាក់ដាំ​ ក្រាល​ដោយ​កៅស៊ូ​ ស្អាត ខណៈ​​តាម​ផ្លូវ​មាន​ឡើង​ភ្នំ​ចុះ​​ភ្នំ​ ផ្លូវ​មាន​រៀង​អក្សរ​ N ​បត់បែន​ ​ថែម​ទាំង​មាន​ដើម​ឈើ​តូច​ធំ​អម​សង​ខាង​ផ្លូវ​ ជា​ពិសេស​គឺ​មាន​ដើម​ស្រល់​ដុះ​លើ​ភ្នំ​​ និង​មាន​ស្មៅ​លើ​ភ្នំ​ពណ៌​មាស​​​ទៀត​នោះ​ ធ្វើ​ឲ្យ​អ្នក​ស្ទើរ​តែ​មិន​ជឿ​ថា ​​ជា​ដែន​ដី​​របស់​ដូនតា​ខ្មែរ​យើង​ឡើយ។

    ៣. ​​ដើម​ស្រល់​ ​​​នៅ​​មណ្ឌល​គិរី​

    ធ្វើ​ដំណើរ​​ចេញ​ពី​ទីក្រុង​សែន​មនោរម្យ​ ទី​រួម​ខេត្ត​មណ្ឌល​គិរី​ ឆ្ពោះ​ទៅ​​ឃុំ​ដាក់ដាំ​​ ស្រុក​អូររាំង​ ចម្ងាយ​ប្រហែល​១៥​​គីឡូម៉ែត្រ ​​​​លោក​អ្នក​ប្រាកដ​ជា​បាន​ឃើញ​ដើម​ស្រល់​​​ជា​ច្រើន​ ​ដុះ​អម​​សង​ខាង​ផ្លូវ​ លើ​ភ្នំ​​ខ្ពស់​ទាប​ ​និង​បង្ហាញ​សម្រស់​ធម្មជាតិ​​ស្រស់​ស្អាត ​​មិន​ចាញ់​ដើម​ Christmas (គ្រីស្មាស) សិប្បនិម្មិត ដែល​គេ​តុប​តែង​ឡើយ។

    នៅ​លើ​ដង​ផ្លូវ​​កៅស៊ូ​​រលោង​ស្រិល​​ដ៏​សែន​​ស្ងាត់​ ​ដែល​ពុំ​សូវ​មាន​​អ្នក​​​ដំណើរ​​ឆ្លង​កាត់​ ​​​ហើយ​ពេល​ឃើញ​ដើម​ស្រល់​យ៉ាង​ច្រើន​ដុះ​លើ​ភ្នំ​​​ ​​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​​វា​​ពិត​ជា​​ស្អាត​មែន​ទែន​ ​ប្រៀប​ដូច​​នឹង​ដើម​ Christmas ដែល​គេ​តុប​តែង​ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​​ឆាប់ៗ​ខាង​មុខ​នេះ​យ៉ាង​ដូច្នោះ​ដែរ។

    ៤. ទឹក​ធ្លាក់​រមនា

    ទឹក​ធ្លាក់​រមនា​​ទី​ពីរ​ជា​កន្លែង​កម្សាន្ត​ដ៏​រីក​រាយ​មួយ​​​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី។ ​ពេល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទៅ​ដល់​ទី​នោះ​​ប្រាកដ​ជា​ចម្លែក​អារម្មណ៍​នឹង​សំឡេង​​ពីរ​ខុស​គ្នា​​ពោល​គឺ​សំឡេង​ទឹក​ធ្លាក់​ និង​សំឡេង​វារីអគ្គិសនី​លាយ​បញ្ចូល​គ្នា​ក្នុង​ពេល​តែ​មួយ។ ​​ទឹក​ធ្លាក់​លើ​​ផ្ទាំង​ថ្ម​កម្ពស់​​ប្រហែល​ជា​៥​ម៉ែត្រ​ ប៉ុន្តែ​​បើ​សរុប​ទាំង​ផ្នែក​ខាង​លើ​ និង​ខាង​ក្រោម​ប្រហែល​ជា​៣០០​ម៉ែត្រ​ដែល​​លេង​កម្សាន្ត​បាន​។​នៅ​​ជាប់​ទឹក​ធ្លាក់​នោះ​មាន​វារីអគ្គិសនី​ខ្នាត​តូច​មួយ​​ដែល​អាច​​បម្រើ​​ដល់​​អ្នក​ភូមិ​នៅ​ទី​នោះ​បាន​ខ្លះ។

    ៥.ទឹក​ជ្រោះ​សែន​មនោរម្យ

    ទឹក​ជ្រោះ​សែន​មនោ​រម្យ​នៅ​​កណ្តាល​ក្រុង​សែន​មនោរម្យ នៃ​ខេត្ត​មណ្ឌលគីរី​​បាន​ក្លាយ​ជា​កន្លែង​ងាយ​ស្រួល​បំផុត​សម្រាប់​អ្នក​​​ទេសចរ​ទៅ​លំហែ​កាយ​ ខណៈ​ទឹក​ធ្លាក់​មាន​កម្ពស់​រាប់​ម៉ែត្រ​ និង​ដើម​ឈើ​ធំ​ៗ​​ដែល​បង្កើត​ជា​ខ្យល់​បក​ត្រជាក់​ឆ្អឹង​ខ្នង។ វា​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​សែន​មនោ​រម្យ​​ចម្ងាយ​​ត្រឹម​តែ​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​តាម​រយៈ​ផ្លូវ​គ្រួស​ក្រហម​។ តាម​សងខាង​ ផ្លូវលំ​នោះ​​មាន​ឧស្សាហកម្ម​ចម្ការ​កៅស៊ូ​ កាហ្វេ​ និង​ស្វាយ​ចន្ទី​ផង​ដែរ​។

    ទឹក​ធ្លាក់​មាន​កម្ពស់​ជាង​១០​ម៉ែត្រ​ដែល​បង្កើត​​បាន​ជា​សំឡេង​កង​រំពង​ពេញ​ត្រចៀក​នៅ​ពេល​​ភ្ញៀវ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម។ នៅ​មាត់​ទឹក​ធ្លាក់​នោះ​មាន​ដើម​គគីរ​ធំ​មួយ​ដើម​ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ