សមាជិកម្នាក់ក្នុងព្រឹត្តិការណ៍ World Cup របស់កូរ៉េខាងត្បូង ត្រូវបានជាប់ពិន័យព្យួរអស់មួយជីវិតពីក្រុមជម្រើសជាតិ សម្រាប់ការបញ្ជូនឯកសារក្លែងក្លាយដើម្បីសុំការលើកលែងការបំពេញការតព្វកិច្ចយោធារបស់គេ។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។
ខ្សែការពារ Jang Hyun-soo លេងឲ្យក្លិប FC Tokyo និងបានបង្ហាញខ្លួនជាអន្តរជាតិ ៥៨លើក ក្នុងនោះរាប់បញ្ចូលទាំងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ ផងដែរ។ មុននឹងបន្ថែមការដាក់ពិន័យដ៏តានតឹងនេះ គឺមានគោលដៅក្នុងការការពារកុំឲ្យមានករណីដូចគ្នានេះ កើតឡើងនៅថ្ងៃអនាគត សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង បានបញ្ជាក់ថា៖ «នេះគឺជាការបញ្ជាក់ម្តងទៀតថា អ្នកដែលបង្កើតឲ្យមានភាពចម្រូងចម្រាស់ មិនអាចចូលរួមក្នុងក្រុមជម្រើសជាតិបានឡើយ»។ Jang នឹងត្រូវជាប់ពិន័យព្យួរជាអចិន្ត្រៃយ៍ពីការលេងឲ្យក្រុមជម្រើសជាតិ និងរងពិន័យជាទឹកប្រាក់៣០លានវ៉ុន (ស្មើនឹង២៦០០០ដុល្លារអាមេរិក) សម្រាប់ការ «ធ្វើឲ្យខូចខាតកិត្តិយសរបស់ក្រុម»។
នេះបើយោងទៅតាមការបញ្ជាក់របស់សហព័ន្ធ។ ស្ទើរតែរាល់បុរសកូរ៉េខាងត្បូងពេញលក្ខណៈទាំងអស់ ដែលមានវ័យពី១៨ ទៅ២៨ឆ្នាំ ត្រូវតម្រូវឲ្យបំពេញការតព្វកិច្ចយោធារយៈពេល២១ខែ ប៉ុន្តែ អ្នកឈ្នះមេដាយមាសអូឡាំពិក និងកីឡាអាស៊ី នឹងត្រូវទទួលបានសិទ្ធិលើកលែងដ៏ពិសេសមួយ។ ផ្ទុយទៅវិញ ពួកគេត្រូវតម្រូវឲ្យបំពេញការហ្វឹកហាត់យោធាជាមូលដ្ឋានរយៈពេល៦០ថ្ងៃ ក៏ដូចជាចូលរួមក្នុងការលេងកីឡាឲ្យបាន៥៤៤ម៉ោង៕