មកទល់ពេលនេះ Channel របស់ PewDiePie បានកើនឡើងចំនួន Subscriber ជាង ៦៨,៥ លាននាក់ ពោលគឺត្រលប់យកឈ្នះឆ្មក់តំណែងកំពូលជាបណ្តោះអាសន្នវិញ ធៀបនឹង Channel របស់ T-Series នៅរក្សាតួលេខកៀកចូល ៦៨ លាននាក់នៅឡើយ។
បុរសមានឈ្មោះពិត Felix Kjellberg បានរក្សាតំណែងជា Channel មាន Subscriber ច្រើនបំផុតតាំងពីឆ្នាំ ២០១៣ ប៉ុន្តែត្រូវបានក្រុមអ្នកបង្កើតមាតិកា Bollywood របស់ឥណ្ឌាប្រជែងក្នុងតួលេខគួរឲ្យកត់សម្គាល់នាប៉ុន្មានខែចុងក្រោយនេះ។
ទាំងដែល Channel ទាំងពីរកំពុងតាមប្រកៀកប្រកិតគ្នា ក្នុងវីដេអូមួយរបស់ PewDiePie ទើបបង្ហោះកន្លងទៅនេះក្រោមចំណងជើង “ខ្ញុំត្រូវការជំនួយរបស់អ្នករាល់គ្នា” និងបានចេញសារថ្លែងអំណរគុណដល់ YouTuber មួយរូបឈ្មោះ MrBeast ជាអ្នកជ្រោមជ្រែងនៅពីក្រោយរឿងនេះ។
បុរសសញ្ជាតិស៊ុយអែតបាននិយាយក្នុងវីដេអូនោះថា៖ “ព្រះប្រទានពរដល់អ្នក MrBeast អ្នកពិតជាបានជួយជីវិតរបស់ខ្ញុំ”។ សារនេះឆ្លើយតបទៅនឹងសកម្មភាពរបស់ MrBeast ដែលបានព្យាយាមជំរុញឲ្យមនុស្សរាល់គ្នាធ្វើការ Subscribe ទៅលើ Channel របស់ PewDiePie ដោយម្ចាស់សាមីខ្លួនផ្ទាល់ក៏ធ្លាប់បាននិយាយថា៖ “T-Series កំពុងមានការកើនឡើងលឿនជាង ៤ ដងធៀបនឹង PewDiePie បែបនេះបើខ្ញុំមិនធ្វើអ្វីមួយនោះទេ PewDiePie នឹងមិនអាចរក្សាតំណែងលេខមួយបានឡើយ”។
លោកបន្ត៖ “លើសពីនេះខ្ញុំក៏បានចំណាយលុយរបស់ខ្ញុំទាំងអស់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីជួយឲ្យ PewDiePie នៅតែបន្តតំណែងជា Channel មាន Subscriber ច្រើនបំផុតក្នុងលោក”។
សារសង្កត់ធ្ងន់របស់ PewDiePie ផ្ញើជូនទៅអ្នកគាំទ្រក្នុងវីដេអូចុងក្រោយរបស់លោក ក៏បានទទូចសូមការជួយឲ្យអស់ពីចិត្ត ដោយលោកបញ្ជាក់ថា៖ “នេះជាឱកាសលើកចុងក្រោយរបស់យើងហើយ ស្តាប់ខ្ញុំណាខ្ញុំនឹងមិនធ្វើពុតដូចជាអ្នកនោះទេ ខ្ញុំគិតតែពីរឿងមួយគត់គឺធ្វើបែបណាឈានដល់ ៦៩ លានឲ្យបានមុន”៕
ប្រភព៖ Sabay