ផ្លែស្រកានាគធ្លាក់ថ្លៃគំហុក ឪឡឹកត្រូវ “បើកយុទ្ធនាការសង្គ្រោះ”… ហើយឥឡូវគ្មានទីផ្សារ ដំឡូងជ្វា ចាក់គរដូចភ្នំ “រង់ចាំ” ក្រសួងពាក់ព័ន្ធប្រជុំដាក់វិធានការ…សង្គ្រោះ ។
មូលហេតុនៅតែដដែល គឺទីផ្សារចិនផ្អាកការនាំចូល ផលវិបាក “នេះ នោះ” មិនឈប់ឈរ ខណៈពេលកសិករយំឡើង…ខ្សោះទឹកភ្នែក ព្រោះកុំថាឡើយចំណេញ សូម្បីសុំត្រឹម “ស្រង់ដើម” ក៏មិនអាចទៅរួច ។
ពលរដ្ឋប្រទេសនេះស្រែកថា ៖ ចិនគឺជាទីផ្សារធំបំផុតសម្រាប់កសិផលរបស់វៀតណាម ពិសេសដំណាំហូបផ្លែ ប៉ុន្តែអស់លោកមន្ត្រីពុំបានអញ្ជើញទៅមើលថាទីផ្សា ១,៤ ពាន់លាននាក់នេះ គេត្រូវការអ្វីឡើយ នាំគ្នា “តែតែ ស្ករស្ករ” អង្គុយចាំគេមក…សុំទិញ! ។
ពលរដ្ឋស្រែកអភិបាលខេត្តធ្វើ “របាយការណ៍” ស៊ីញ៉េផ្ញើរឲ្យក្រសួងក្នុងពេលដែលរដូវប្រមូលផលមកដល់ ផ្លែដំឡូងធ្លាក់ “គ្រឹបៗ” ទម្រាំក្រសួងឆ្លើយតបថា ៖ ភាគីចិនគេសុំផ្អាកនាំចូល ! ស្រេចបាត់! ។
ពលរដ្ឋថារឿងបែបនេះពុំមែនចំពោះផ្លែឈើ មើម…១មុខទេ គឺច្រើនមុខ ។ រដូវណាក៏មានបញ្ហា ហើយពេលណាក៏ព្រោះ… ពិតជាបំបង់បាយមែន! ។
ពេលនេះដំឡូងជ្វានៅ ត្រឹម 2300-2800 ដុង/kg (៨០០រៀល-៩០០រៀល/kg) មិនស្មើថ្លៃដើមផង ។ មុននេះទើបយំ (ជូតទឹកភ្នែកមិនទាន់ជ្រះ) រឿងផ្លែស្រកានាគ ។ ខណៈពេលដើមឆ្នាំទើបយំរួចរឿងឪឡឹកពី ៧០០០ដុង-៨០០០ដុង/kg (1050រៀល-1900រៀល/kg) មកនៅសល់ត្រឹម ១០០ដុង-១២០០ដុង/kg (២៥០រៀល-៣០០រៀល/kg) ។
កសិករខ្មែរយើងប្រហែលពុំទាន់ដល់ថ្នាក់នេះទេ ម្យ៉ាងទៀតយើងពុំទាន់អនុវត្តផលិតផលកសិកម្មប្រមូលផ្តុំ តែយ៉ាងណានេះគឺជាមេរៀនមួយ -មេត្តាកុំភ្លេចឲ្យសោះ ! ៕
ប្រភព៖ CEN