ក្រៅពីផ្តល់ផ្លែដែលមានរស់ជាតិដ៏ឆ្ងាញ់ពិសារ ស្លឹករបស់ដើមត្របែកក៏មានអត្ថប្រយោជន៍យ៉ាងពិសេសផងដែរ ដោយមានសម្បូរទៅដោយវីតាមីន C។ វាមិនត្រឹមតែសម្បូរតែសារធាតុចិញ្ចឹមជាច្រើនប៉ុណ្ណោះ ប៉ុន្តែ ស្លឹកត្របែកក៏ជួយព្យាបាលជំងឺ ក៏ដូចជាកាត់បន្ថយការប្រឈមមុខនឹងការកើតជំងឺជាច្រើន ដូចជាមហារីក ផងដែរ។ ប្រសិនបើអ្នកមានដើមត្របែកនៅខាងក្រោយផ្ទះរបស់អ្នក លោកអ្នកគ្រាន់តែបេះយកស្លឹកត្របែកប៉ុន្មានសន្លឹក រួចលាងទឹកឲ្យស្អាត មុននឹងដាក់ត្រាំក្នុងពែងដែលមានទឹកក្តៅ។ បន្ទាប់ពីត្រាំទុករយៈពេល២ ទៅ៣នាទី យកស្លឹកត្របែកចេញ និងចាប់ផ្តើមផឹកថ្នមៗ នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោមនេះ៖
១. វាជួយដល់ការសម្រកទម្ងន់
ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ស្លឹកត្របែកអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ហើយការផឹកទឹកដែលត្រាំជាមួយនឹងស្លឹកត្របែកនឹងធ្វើឲ្យកម្រិតជាតិកាឡូរីមានកម្រិតសូន្យ។ ហេតុនេះ វានឹងធ្វើឲ្យអ្នកស្រកទម្ងន់ ប្រសិនបើអ្នកផឹកវាជាប្រចាំ។
២. វាជួយគ្រប់គ្រងបញ្ហាទឹកនោមផ្អែម
ស្លឹកត្របែកពិតជាមានអត្ថប្រយោជន៍ក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាម ដែលពិតជាមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយបញ្ហាទឹកនោម។ ប្រជាជនជប៉ុន ជឿជាក់ថា ស្លឹកត្របែកនឹងជួយគ្រប់គ្រងបញ្ហាទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធិភាព។
៣. វាជួយកាត់បន្ថយសារធាតុកូឡេស្តឺរ៉លដែលមិនល្អ
ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ការផឹកទឹកតែត្រាំស្លឹកត្របែកជាប្រចាំ អាចជួយកាត់បន្ថយកម្រិតសារធាតុកូឡេស្តឺរ៉ល ដែលមិនល្អ។ ហេតុនេះវានឹងជួយប្រឆាំងនឹងជាតិពុល និងរក្សាធ្វើឲ្យមានសុខភាពល្អ។
៤. វាជួយកាត់បន្ថែមការប្រឈមមុខនឹងជំងឺបេះដូង
តើអ្នកដឹងទេថា ភ្នាក់ងារជាប់លេខ១ក្នុងការសម្លាប់មនុស្សក្នុងពិភពលោកគឺជំងឺបេះដូង? ប៉ុន្តែ កុំបារម្ភ ស្លឹកត្របែក អាចជួយកាត់បន្ថយការប្រឈមមុខនឹងការកើតជំងឺបេះដូង ដោយសារតែវាមានសារធាតុប្រឆាំងនឹងជាតិពុលជាច្រើន។ វាជួយមិនឲ្យឡើងសម្ពាធឈាម ដែលជាមូលហេតុធ្វើឲ្យកើតជំងឺបេះដូង។
៥. វាជួយកម្ទាតមេរោគមហារីក
ជាមួយនឹងការមានសារធាតុប្រឆាំងជាតិពុលជាច្រើន ការផឹកទឹកត្រាំស្លឹកត្របែក នឹងជួយការពារមិនឲ្យមានការវាយប្រហារពីសំណាក់ជំងឺមហារីក។ ស្លឹកត្របែកមានសារធាតុពិសេសម្យ៉ាង ក្នុងការជួយកម្ចាត់មេរោគមហារី ពិសេសមហារីកប្រព័ន្ធប្រូស្តាត មាត់ និងសុដន់។
៦. វាជួយព្យាបាលបញ្ហាក្នុងមាត់ជាច្រើន
តើអ្នកមានបញ្ហាឈឺធ្មេញ ឬឈឺក្នុងមាត់មែនទេ? តើលោកអ្នកហើមអញ្ចាញធ្មេញមែនទេ? គ្រាន់តែផឹកទឹកត្រាំស្លឹកត្របែកមួយពែង ឬយកទឹកនោះមកមៀមធ្វើជាទឹកខ្ពុរមាត់២ ទៅ៣ដងក្នុងមួយថ្ងៃ អ្នកអាចដោះស្រាយបញ្ហាទាំងនេះយ៉ាងមានប្រសិទ្ធិភាព។
៧. វាជួយដោះស្រាយបញ្ហាជាមួយនឹងប្រព័ន្ធរំលាយអាហារ
ក្រុមគ្រូពេទ្យសម័យបុរាណបានណែនាំឲ្យអ្នកដែលមានបញ្ហារាករូស ផឹកទឹកត្រាំស្លឹកត្របែក ដើម្បីព្យាបាល ព្រោះវាយជួយកម្ចាត់បាក់តេរីក្នុងពោះវៀន ហេតុនេះ វាពិតជាប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហានេះ។
៨. វាជួយធ្វើឲ្យស្បែករលោងស្អាត
ដោយសារតែវាសម្បូរទៅដោយវីតាមីន C ក៏ដូចជាមានសារធាតុប្រឆាំងនឹងជាតិពុល និងបាក់តេរី ការផឹកទឹកត្រាំស្លឹកត្របែក នឹងធ្វើឲ្យស្បែករលោងស្អាត និងដោះស្រាយបញ្ហាស្បែកជ្រួញ។
៩. វាជួយការពារមិនឲ្យជ្រុះសក់
ស្លឹកត្របែកពិតជាមានប្រសិទ្ធិភាពណាស់ក្នុងការការពារសក់មិនឲ្យជ្រុះ។ លោកអ្នកគ្រាន់តែយកស្លឹកត្របែកមួយដៃទៅត្រាំក្នុងទឹកក្តៅ រហូតទាល់តែត្រជាក់។ បន្ទាប់មក យកស្លឹកត្របែកចេញ មុននឹងយកទឹកនោះទៅធ្វើឲ្យសាប៊ូកក់សក់ ដោយលោកអ្នកគ្រាន់តែម៉ាស្សាត្រង់លលាក្បាលឲ្យសព្វ។ អ្នកត្រូវទុករហូតទាល់តែទឹកនោះស្ងួត ហើយអ្នកអាចប្រើប្រាស់កន្សែងដើម្បីជូតសក់របស់អ្នកបាន៕