ប៉ូលិសអាមេរិកចាប់ខ្លួនបាតុករ៣០២នាក់ ដែលតវ៉ាប្រឆាំងនឹងការតែងតាំងចៅក្រមតុលាការកំពូលរបស់លោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ ក្រុមបាតុកររាប់រយនាក់ ដែលនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងបេក្ខភាពចៅក្រមតុលាការកំពូលរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ គឺលោក Brett Kavanaugh ត្រូវបានប៉ូលិលអាមេរិកឃាត់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈ លោក Kavanaugh ត្រូវបានគេរំពឹងថានឹងទទួលបានការគំាទ្រពីព្រឹទ្ធសភាអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

យោងតាមប៉ូលិសអាមេរិក ក្រុមបាតុករដែលភាគច្រើនគឺជាស្ត្រីបាននំាគ្នាដើរជាក្បួនដង្ហែរតវ៉ាប្រឆាំងនឹងលោក Kavanaugh នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ក្រុមបាតុករទាំងនេះបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះការតែងតាំង លោក Kavanaugh ដែលកំពុងត្រូវបាន FBI ស៊ើបអង្កេតលើការចោទប្រកាន់របស់ស្ត្រី០២នាក់ ដែលថាប្រធានចៅក្រម សាលាឧទ្ធរណ៍រូបនេះ បានរំលោភបំពានផ្លូវភេទលើពួកនាង។

បន្ថែមពីលើនេះ ប៉ូលិសអាមេរិកក៏បានបញ្ជាក់ដែរថាពួកគេបានឃាត់ខ្លួនជាង៣០២នាក់ ដោយក្នុងនោះរួមមានទាំងតារាកំប្លែង លោកស្រី Amy Schumer និងតារាម៉ូឌែល នាង Emily Ratajkowski ទៀតផង បន្ទាប់ពីពួកគេបដិសេធរំសាយបាតុកម្មតវ៉ា នៅក្រៅអគារតុលាការកំពូល និងព្រឹទ្ធសភា។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ដដែលនោះដែរ ក្រុមអ្នកសាធារណរដ្ឋបានប្រកាសថារបាយការណ៍ស៊ើបអង្កេតរបស់ FBI មិនអាច ចោទប្រកាន់ឬដាក់បន្ទុកលើលោក Kavanaugh ពីបទរំលោភបំពានផ្លូវភេទនោះទេ បើទោះជាក្រុមអ្នកប្រជាធិបតេយ្យអះអាងថា ការស៊ើបអង្កេតនេះមិនទាន់ភាពពេញលេញ ដោយសារតែមានការដាក់កំហិតមួយចំនួនពីសេតវិមានក៏ដោយ។ ចំណែកឯ ព្រឹទ្ធសភា អាមេរិកនឹងដំណើរការនិតិវិធីបោះឆ្នោតមួយស្ដីពីការតែងតាំងលោក Kavanaugh ជាចៅក្រមតុលាការកំពូលនៅថ្ងៃសុក្រនេះ (ម៉ោងនៅសហរដ្ឋអាមេរិក)៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • v9

  • ព័ត៌មានថ្មីៗ