• គ្រូទ័ព​ថា ហាក់​មាន​ប្រៀប​លើ​ប៉ូលិស ក្នុង​ជំនួប​ផ្ដាច់​ព្រ័ត្រ​ពាន​សម្ដេច​តេជោ​ស្អែក​នេះ

    ភ្នំពេញ៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) នឹងត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៦ ខែតុលាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។

    ប៉ុន្ដែមុនការប្រកួតមកដល់លោក ភា សុភ័ក្ដ្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ បានបង្ហើបនូវចំណុចខ្លាំងមួយចំនួន រហូតលោកបានចាត់ទុកទ័ព គឺជាក្រុមមានប្រៀបលើគូប្រជែងទៀតផង ព្រោះឆ្លងកាត់ប្រកួតកន្លងមក ក្រុមខ្លួនបានជួបក្រុមខ្លាំងៗច្រើន ក្នុងពានរង្វាន់ប្រើប្រាសធនធានកីឡាករក្នុងស្រុកមួយនេះ ។ មិនតែប៉ុណ្ណោះ លោកក៏គ្មានក្ដីបារម្ភដែរ ព្រោះកូនក្រុមម្នាក់ៗ សុទ្ធតែបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការជួយក្រុមប្រជែងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ឲ្យខានតែបាន ។

    លោកនិយាយថា «បើប្រៀបធៀបទម្រង់លេងរបស់ក្រុមទាំងពីរ ការពារជាតិ បានឡើងទាំងលំបាក ព្រោះមិនមែនជួបក្រុមទន្លេបាទី(សាលាបាល់ទាត់ជាតិ) ចឹងក្នុងស្ថានភាពនេះ យើងភ្ញាក់ផ្អើលរួចហើយ ព្រោះយើងបានជួបក្រុមគេដាក់សម្ពាធ និងមានការប៉ះទង្គិចខ្លាំង សុទ្ធតែក្រុមមានល្បឿនលឿន ដូចជាណាហ្គាវើលជាដើម តែយើងក៏ត្រូវពង្រឹងចំណុចខ្លាំងបន្ថែម ហើយប៉ូលិស ក៏អាចមានការភ្ញាក់ផ្អើលដែរ ព្រោះគូប្រកួតគេឡើងមក គឺគេជួបក្រុមកម្រិតរាងទាបបន្ដិច ដោយការប្រកួតប្រជែងហាក់ស្រួលជាងក្រសួងការពារជាតិ» ។

    គួរបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលក្រុមទាំងពីរ បានជួបគ្នាក្នុងពានប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះ ខណៈ ២លើកមុនជួបគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយ ដោយលទ្ធផលឈ្នះ-ចាញ់គ្នាម្ដងម្នាក់ ក្នុងនោះឆ្នាំ២០១៣ ក្រសួងការពារជាតិ បានយកឈ្នះ ២-១ និងឆ្នាំ២០១៤ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះ ២-១ វិញ ។ ប៉ុន្ដែបើក្រឡេកមកមើលលទ្ធផលជួបគ្នា ២លើកចុងក្រោយក្នុងលីគ ក្រុមលោក ភា សុភ័ក្ដ្រា បានលត់ប៉ូលិសយ៉ាងចាស់ទាំង ២ជើង ជាមួយលទ្ធផល ៤-០ ក្នុងជើងទី១ និង ៣-១ ក្នុងជើងទី២ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ