ព្រះសីហនុ៖ ករណីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន បានលើកយកករណី លោកឧញ៉ា ទ្រី ភាព ចាក់ថ្មលុបសមុទ្រ តែអាជ្ញាធរគ្រប់គ្រងសមុទ្រថា ជាការអភិវឌ្ឍន៍ស្របច្បាប់ និងគ្មានការចាក់ដីដូចពាក្យចចាមអារាម ត្រូវបានលោកស្រី ហ៊ុន ស៊ីណាត បញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុកថា លុយអាចទិញខ្មោចឲ្យកិនម្សៅបានមែន សូមលោកឧកញ៉ាយកតែព្រៃឈើបានហើយ ទុក្ខសមុទ្រឲ្យរាស្ត្រផង។
លោកស្រី បានបញ្ជាក់ថា “ខ្ញុំសប្បាយចិត្តណាស់ដោយបានឃើញ Fresh News គាំទ្រគំរោងអភិវឌ្ឍន៍ របស់ឧកញ៉ាទ្រីភាព ខ្ញុំគាំទ្រការអភិវឌ្ឍន៍លើគោក! ប៉ុន្តែប្រឆាំងដាច់ខាតការចាក់ដីលុបយកឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារបស់រដ្ឋជាទ្រព្យសម្បត្តិសាធារណៈ ពលរដ្ឋមានសិទ្ធិមិនអនុញ្ញាត ។ ពីព្រោះលោកឧកញ៉ា មានលុយច្រើនហើយ ទិញដីអភិវឌ្ឍន៍ទៅកុំចាក់យកដីសមុទ្រអី ជយោ ! Fresh News លុយអាចទិញខ្មោចឲ្យកិនម្សៅបានមែន ពិតជាអស្ចារ្យ សូមលោកឧកញ៉ាយកតែព្រៃឈើបានហើយ ទុក្ខសមុទ្រឲ្យរាស្ត្រផងបានទេ????? ។ ពីនាយសមុទ្រយប់ម៉ោង ១” ។
កាលពីថ្ងៃអាទិត្យ ២៣ កញ្ញា ឆ្នាំ២០១៨ នេះ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្របានចេញសេចក្ដីប្រកាសព័ត៌មានមួយបានប្រកាសថា ការអភិវឌ្ឍន៍នៅតំបន់ពយកំពេញ ជាការអភិវឌ្ឍន៍ស្របច្បាប់ ហើយផ្ដល់ផលចំណេញដល់ពលរដ្ឋដែលនៅតំបន់ជិតៗនោះ នេះបើយោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការគ្រប់គ្រងឆ្នេរសមុទ្រកាលពីម្សិលមិញ។
តែយោងតាមការចុះអង្កេតសិក្សាស្រាវជ្រាវរបស់ លោក សុខសុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណៈខ្មែរក្រោក បាននិយាយថា ជាក្រុមហ៊ុន ទ្រី ភាពដែលកំពុងចាក់ថ្មចូលសមុទ្រ និងធ្វើភូមិគ្រឹះមួយនៅលើនោះ ខណៈដែលពលរដ្ឋជិតៗនោះ គ្មាននរណាម្នាក់ពេញចិត្តសោះ ព្រោះគេមកចាក់ដីនៅក្នុងសមុទ្រ ដោយព័ទ្ធរបងពុំឲ្យនរណាម្នាក់បានចូលនោះទេ ។
រីឯការចាក់ថ្មចូលឆ្នេរកំពេញ គឺមានទំហំធំ ហើយផ្ទុយពីការប្រកាសជាក់ស្ដែង របស់គណៈកម្មាធិការ តែយ៉ាងណាមិញបញ្ហាការចាក់ថ្មលុបសមុទ្រនេះ ត្រូវបានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ទាមទារ នៅការបង្ហាញឯកសារបន្ថែមទៀត ដើម្បីបញ្ជាក់ថា ជាការស្របច្បាប់ ព្រោះកន្លងមកនេះ លោក ថោង ខុន បានបញ្ជាក់ថា ត្រូវអភិវឌ្ឍន៍ចំងាយពីឆ្នេរ យ៉ាងតិច១០០មែត្រ ៕