(ភ្នំពេញ)៖ ពិតជាទង្វើដ៏ប្រពៃណាស់ ចំពោះកំពូលតារាចម្រៀងប្រុស លោក ឆន សុវណ្ណរាជ ខណៈក្នុងថ្ងៃកាន់បិណ្ឌទី៩ នេះ លោកបានទៅធ្វើបុណ្យជួបជុំគ្រួសារ។ រឹតតែពិសេសជាងនេះ គឺមុននឹងទៅវត្ត លោកបានធ្វើបាយម្ហូបជូនអ្នកម្តាយ ជាស្រឡាញ់របស់លោកពិសារជាមុនសិន ខណៈទង្វើបែបនេះ ធ្វើឲ្យអ្នកគាំទ្រមិនតិចទេ ធ្វើការកោតសរសើរមិនដាច់ពីមាត់។ យ៉ាងណាមិញ នៅតែមានអ្វីពិសេសជាងនេះ ព្រោះលោកបានទិញកាដូជាទីគាប់ចិត្តជូនអ្នកម្តាយ ជាគ្រឿងអលង្ការដ៏មានតម្លៃ គឺចិញ្ចៀនពេជ្រដ៏ស្អាត។
ការកត់សម្គាល់បែបនេះ ធ្វើឡើងបន្ទាប់ពីទស្សនិកជន បានឃើញរូបភាពមួយចំនួន ដែលតារាចម្រៀងរូបនេះ បង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «ធ្វើបុណ្យទាន់ខែភ្លឺ ទាន់លោកមើលឃើញ និងទទួលបានទឹកចិត្តតិចតួចពីកូនម្នាក់នេះ សម្រាប់លោកក្នុងខែបុណ្យខែទាន អ្វីដែលចង់ឃើញ គឺលោកសប្បាយបានចិត្ត អរគុណដល់ហាងពេជ្រ សេង ចិន្តា @seng.chenda76 ដែលបានច្នៃម៉ូដយ៉ាងស្រស់ស្អាតសំរាប់ម្តាយខ្ញុំ រូបភាពល្អៗគំរូល្អៗ គ្រាន់ចង់ចែករំលែក សូមកុំគិតអីឲ្យលើសពីនេះ អរគុណបាទ»។
យ៉ាងណាមិញ ចំពោះទឹកចិត្តស្រឡាញ់អ្នកម្តាយ ស្មើនឹងកែវភ្នែកទាំងគូពីសំណាក់លោក ឆន សុវណ្ណរាជ ពេលនេះ ត្រូវបានគេដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលលោកទិញកាដូជាគ្រឿងអលង្ការ ជូនម្តាយបែបនេះ។ ជានិច្ចកាលគេតែងតែឃើញលោកទិញកាដូ បែបនេះជូនម្តាយជាហូរហែ ខណៈលើកមុនលោកក៏ធ្លាប់ទិញ ខ្សែកមាសពេជ្រធំៗ មានតម្លៃថ្ងៃៗ ជូនម្តាយក្នុងឱកាសបុណ្យទាន ដូចគ្នានេះដែរ។
ទន្ទឹមគ្នានេះ មានមិត្តក្នុងបណ្តាញសង្គមជាច្រើន កោតសរសើរនូវភាពកតញ្ញូរបស់លោក ឆន សុវណ្ណរាជ ព្រោះតារារូបនេះ មិនត្រឹមតែមានប្រជាប្រិយភាព មានទស្សនិកជនគាំទ្រច្រើននោះទេ បើសម្រាប់ជីវិតគ្រួសារវិញ លោកត្រូវបានគេដឹងថា ជាកូនប្រុសដ៏ល្អម្នាក់ សម្រាប់ម្តាយរបស់លោក។ ទោះបីជានៅកន្លែងធ្វើការ ក៏តារាប្រុសរូបចេះគោរពមិត្តរួមការងារ និងរៀមច្បងដែរ បើនិយាយឲ្យចំគឺរួសរាយរាក់ទាក់តែម្តង៕