• អាជ្ញាធរពន្ធដារ New York នឹងបើកការស៊ើបអង្កេតលើលោក ដូណាល់ ត្រាំ ពាក់ព័ន្ធ​ករណីចោទប្រកាន់រឿងក្លែងបន្លំពន្ធ!

    (វ៉ាស៊ីនតោន)៖ ​ការិយាល័យ​ពន្ធដារនៃរដ្ឋ New York នឹងបើកការស៊ើបអង្កេតមួយ​ លើការចោទប្រកាន់​ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន​ទទួល​ប្រាក់រាប់រយលានដុល្លារ​ពីឪពុករបស់​លោក គឺលោក ហ្វ្រេដ ត្រាំ (Fred Trump) តាមរយៈ​ការក្លែងបន្លំពន្ធ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន ABC News នៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

    សារព័ត៌មាន ABC News ធ្វើ​សេចក្ដីរាយការណ៍​បែបនេះ ដោយផ្អែកលើ​ប្រភពដែលខ្លួន​ទទួលបាន​ ពីមន្ត្រី​ការិយាល័យពន្ធដារ​នៃរដ្ឋ New York។ មន្ត្រីដដែលនេះ​បានប្រាប់សារព័ត៌មានអាមេរិក​មួយយ៉ាង​ខ្លីដូច្នេះថា «ការិយាល័យពន្ធដារនឹង​ខិតខំប្រឹងប្រែង​អស់ ពីសមត្ថភាព​ក្នុងការស៊ើប​អង្កេត»។

    គួរជម្រាបថា សេចក្ដីរាយការណ៍ពី​ការស៊ើបអង្កេតខាងលើ ធ្វើឡើងបន្ទាប់ពី​សារព័ត៌មាន​អាមេរិក New York Times បានចេញ​ផ្សាយរបាយការណ៍​ស៊ើបអង្កេតមួយ​របស់ខ្លួន នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ដោយចោទ​ប្រកាន់ថា លោក ដូណាល់ ត្រាំ បានជួយ​លាក់បាំង ប្រាក់ជាង ៤១៣លានដុល្លារ​ ដែលទទួលបានពីឪពុក របស់លោក​តាមរយៈការប្រើប្រាស់​វាជាសាជីវកម្ម​ក្លែងក្លាយ ដើម្បីបិទបាំង​ប្រាក់ទាំង​នេះពី​ការបង់ពន្ធ។

    តែទោះជា​យ៉ាងនេះក្ដី នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន អ្នកនាំពាក្យសេតវិមាន​លោកស្រី Sarah Sanders បាន​ហៅរបាយការណ៍របស់ New York Times គឺជារឿង​មិនពិត និងមានចេតនា​វាយប្រហារលើគ្រួសារ​របស់លោក ដូណាល់ ត្រាំ ​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ​បើគេចាំ​មិនភ្លេចទេអាជ្ញាធរពន្ធគយ​អាមេរិក ក៏ធ្លាប់បើកការស៊ើបអង្កេត​ផងដែរ​ លើមូលនិធិ​មនុស្សធម៌​របស់លោក ដូណាល់ ត្រាំ ដែលត្រូវ​បានគេចោទថា រំលោភលើច្បាប់​អង្គការ​មនុស្សធម៌៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ