អាជ្ញាធរ​ពន្ធដារចិនបង្គាប់​ឲ្យកំពូល​តារា Fan Bingbing ចូល​បង់ពន្ធជូនរដ្ឋវិញ ខណៈការបាត់ខ្លួន​របស់នាងនៅ​តែជាអាថ៌​កំបាំង!

(ប៉េកាំង)៖ អាជ្ញាធរពន្ធដារចិន​បានឱ្យដឹង​នៅថ្ងៃពុធនេះ កំពូលតារា​សម្ដែងចិនអ្នកនាង ហ្វាន ពីងពីង (Fan Bingbing) ត្រូវបាន​បង្គាប់បង់ពន្ធ​ចូលរដ្ឋវិញ និងពិន័យជាប្រាក់​រាប់រយលានយ័នពីបទ​គេចពន្ធ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារ​សារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

ប៉ុន្តែព្រមពេល​ជាមួយគ្នា អាជ្ញាធរពន្ធដារចិន​មិនបានបញ្ជាក់អ្វី​បន្ថែមនោះទេ។ អ្នកនាង ហ្វាន ពីងពីង មិនបាន​បង្ហាញខ្លួនជា សាធារណអស់​រយៈពេលជាច្រើនខែ​មកហើយ ខណៈមានពាក្យ​​ចចាមអារ៉ាម​​ជាច្រើនថា កំពូលតារា​​សម្ដែងរូបនេះ​ ​ត្រូវបានអាជ្ញាធរ​ចិនចាប់ខ្លួន​ពីបទ​គេចពន្ធ។ ចំណែកឯ ទីកន្លែង​ដែល​អ្នកនាង Fan កំពុងស្ថិតនៅក៏​ពុំទាន់ត្រូវបានគេឱ្យ​ដឹងនៅឡើយ​ដែរ។

អ្នកនាង Fan Bingbing មិនបានបង្ហាញ​​ខ្លួនជាសាធារណៈ​ តាំងតែពីខែមិថុនា​​មកម្ល៉េះ ពោលគឺបន្ទាប់​ពីអ្នក​នាងបានបង្ហោះ​រូបភាព នៅលើបណ្ដាញ​​ទំនាក់ទំនង​សង្គម​ថា អ្នកនាងបាន​ធ្វើដំណើរ​ទៅកាន់មន្ទីរពេទ្យ​​កុមារមួយ​កន្លែង ស្ថិតនៅ​ក្នុង​តំបន់ទីបេ។ បន្ថែមពីលើ​នេះ អត្ថបទមួយចុះ​​ផ្សាយដោយប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ Securities Daily កាលពីថ្ងៃទី០៦ ខែកញ្ញា ហើយដែល​ក្រោយ​មកត្រូវបាន​លុបចោល​វិញភ្លាមៗ​​បានអះអាងថា អ្នកនាង Fan កំពុងស្ថិតនៅ​​ក្រោមការឃ្លាំមើល​របស់​អាជ្ញាធរចិន និងកំពុងប្រឈមមុខ ការកាត់ទោស​​ពីបទ​គេចពន្ធ។

គួរបញ្ជាក់ថា ឆ្នាំ២០១១ សិល្បករដ៏ល្បីម្នាក់ គឺលោក អៃ វៃវៃ (Ai Weiwei) ត្រូវបានអាជ្ញាធរ​​ចិន​ឃុំខ្លួនរយៈពេលជិត ០៣ខែ ក្រោយមាន​​សេចក្ដីរាយការណ៍​ថា លោកបានបាត់​ខ្លួន​ដោយ​អាថ៌កំបាំង។ ប៉ុន្តែ​ក្រោយមក​លោកត្រូវបាន​ដោះលែង​ឱ្យមានសេរីភាព​​ឡើងវិញ បន្ទាប់ពីលោក​​យល់ព្រមចុះហត្ថលេខាផ្ដល់សម្បទាន​ ឱ្យអាជ្ញាធរដែលចោទថា លោកគេចវេស​មិន​បង​ពន្ធ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • v9

  • ព័ត៌មានថ្មីៗ