វត្តភ្នំធំ ស្ថិតនៅឃុំតាកែន ស្រុកឈូក ខេត្តកំពត កំពុងខ្សត់ចង្ហាន់ខ្លាំង សូម្បីតែក្នុងរដូវភ្ជុំបិណ្ឌក៏មិនសូវមានពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែរ។ នេះបើតាមសង្ឃដីកា របស់ព្រះចៅអធិការវត្តភ្នំធំ ព្រះនាម ខន សម្ផស្ស បានឲ្យដឹងនៅថ្ងៃទី០២ខែតុលា ឆ្នាំ២០១៨នេះ។
ព្រះចៅអធិការវត្តភ្នំធំ មានសង្ឃដីកាថា វត្តអារាមដ៏កម្សត់នេះមានអាយុកាល១៣ឆ្នាំមកហើយ។ បច្ចុប្បន្នមានព្រះសង្ឃ និងសាមណេរគង់នៅ២៧អង្គ និងមានក្មេងៗជាកូនអ្នកស្រុកមកសិក្សារៀនសូត្រជាមួយព្រះសង្ឃជិត១០នាក់ទៀត។ តាំងពីវត្តអារាមមួយនេះ បានចាប់កំណើតមកគឺពុំដែលមានចង្ហាន់ឆាន់គ្រប់គ្រាន់ឡើយ ដោយសារនៅឆ្ងាយពីភូមិផងរបស់អ្នកស្រុកពេក។
មានសង្ឃដីកាហាក់ស្រងូតស្រងាត់ ព្រះតេជគុណ ខន សម្ផស្ស បន្តថាព្រះសង្ឃឆាន់តែត្រីខ និងមី ជួនកាលបើមានបន្លែ គឺយកទៅឆាជាមួយត្រីខ តែបើអត់មានបានត្រឹមឆាន់ត្រីខចែកគ្នាម្នាក់បន្តិចៗ ដើម្បីចម្អែតក្រពះ។ ក្រៅពីខ្សត់ចង្ហាន់ហើយនោះ វត្តភ្នំធំ ពុំមានកុដិសមរម្យដើម្បីព្រះសង្ឃគង់នៅឡើយ មានត្រឹមកុដិឈើប្រក់ស័ង្កសី៣កុដិប៉ុណ្ណោះ។ ចំណែកឯសាលាឆាន់កំពុងតែបុកគ្រឹះបណ្ដើរៗហើយ។ រីឯព្រះវិហារ បានកសាងរួចរាល់ហើយ។
ព្រះចៅអធិកាវត្តភ្នំធំ បន្ថែមទៀតថា ក្នុងរដូវកាន់បិណ្ឌនេះមានពុទ្ធបរិស័ទធ្វើដំណើរទៅដល់ខ្លះដែរ និងបានប្រគេនចង្ហាន់ គ្រឿងឧបភោគ បរិភោគដល់ព្រះសង្ឃ តែក៏មិនទាន់បានគ្រប់គ្រាន់ឡើយ។ ដូច្នេះហើយ ព្រះតេជគុណ ខន សម្ផស្ស បានសំណូមពរឲ្យពុទ្ធបរិស័ទទៅធ្វើបុណ្យដាក់ទាន ប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលកំពុងតែខ្វះខាតជាទម្ងន់។
ថ្វីត្បិតតែនៅឆ្ងាយពិតមែន តែវត្តភ្នធំ មានទេសភាពស្អាតមិនធម្មតាឡើយ មានព្រៃភ្នំព័ទ្ធជុំវិញ ខៀវស្រងាត់គួរឲ្យចង់ទស្សនា។
សូមបញ្ជាក់ឲ្យដឹងដែរថា វត្តភ្នំធំ ស្ថិតនៅក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីរួមខេត្ត។ ធ្វើដំណើរទៅដល់ផ្សារស្រុកឈូក យើងអាចសួរនាំផ្លូវប្រជាពលរដ្ឋនៅទីនោះ រួចបន្តប្រហែល២០គីឡូម៉ែត្រទៀត នឹងទៅដល់វត្តអារាមមួយនេះហើយ។ ប្រសិនបើចង់សាកសួរកាន់តែច្បាស់សូមទំនាក់ទំនងទៅកាន់ព្រះចៅអធិការវត្តផ្ទាល់តាមរយៈលេខ៖ 077 33 69 00 និង097 99 22 900៕