OnePlus ត្រៀមនឹងប្រកាសបង្ហាញស្មាតហ្វូនម៉ូឌែល 6T នាប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែក្រុមហ៊ុនបានបង្ហើបយ៉ាងច្បាស់ពីមុខងារសំខាន់ពីរដល់អតិថិជនមុនរួចទៅហើយ។
តាមរយៈការលេចធ្លាយបញ្ជីលក់គ្រឿងឧបករណ៍ភ្ជាប់លើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន សបង្ហាញឲ្យឃើញថា OnePlus 6T នឹងបន្តប្រើប្រាស់មុខងារស្កេនខ្ចៅដៃផ្នែកខាងក្រោយម៉ាស៊ីន គួបផ្សំការដកចោលរន្ធដោតកាសទំហំ ៣,៥ ម.ម ពោលជាត្រកូល OnePlus ដំបូងដែលសម្រេចធ្វើបែបនេះ។
ដំណោះស្រាយក្រុមហ៊ុន ក៏បញ្ចេញនូវឧបករណ៍ជំនួយមួយចំនួន ប៉ុន្តែមិនច្បាស់ថានឹងបន្ថែមឥតគិតថ្លៃក្នុងប្រអប់ស្រាប់ ឬដាក់លក់លើទីផ្សារ។ ដោយប្រភេទកាស USB-C Bullets Earphones Black តម្លៃ ប្រមាណ ២៣ ដុល្លារ ធៀបនឹងឧបករណ៍ភ្ជាប់ពីខ្សែ USB C ទៅកាស ៣,៥ ម.ម តម្លៃជាង ១០ ដុល្លារ។
រំឭកថា OnePlus 6T នឹងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទី ១៧ តុលា រំពឹងមានវត្តមានលើទីផ្សារនៅមួយសប្តាហ៍បន្ទាប់ ប៉ុន្តែបើការបញ្ជាក់ដូចខាងលើក្លាយជាការពិត នោះអាចនិយាយថា 6T ត្រូវដើរក្រោយ iPhone 7 Plus របស់ Apple ដល់ទៅ ២ ឆ្នាំ៕
ប្រភព៖ Sabay