• រថយន្ដ Toyota អាយុ៥០ឆ្នាំ របស់សម្តេច ហ៊ុន សែន ជិះតស៊ូក្នុងរបប ប៉ុល ពត ត្រូវ​បានយក​ដាក់​បង្ហាញ នៅវិមានឈ្នះឈ្នះ

    (ភ្នំពេញ)៖ រថយន្ដដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជិះដើម្បីចេញទៅតស៊ូរំដោះប្រទេសជាតិ ចេញពីរបបពិឃាត​ ប៉ុល​ ពត ត្រូវបានយកទៅដាក់តាំងបង្ហាញក្នុងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានយល់ និងដឹងកាន់តែច្បាស់អំពីប្រវត្តិនៃការតស៊ូរំដោះជាតិ។

    លោកឧត្តមសេនីយ៍ឯក យ៉ាត់ ទូច មេបញ្ជាការរង និងជានាយខុទ្ទកាល័យ បញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា រថយន្ដដែលសម្ដេចតេជោ ហ៊ុន សែន ជិះដើម្បីចេញទៅតស៊ូរំដោះជាតិ ដើម្បីផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតនោះ គឺម៉ាក Toyota ពណ៌ស ផលិតនៅឆ្នាំ១៩៦៨។​ មកដល់ពេលបច្ចុប្បន្នរថយន្តនេះមានអាយុ​ ៥០ឆ្នាំហេីយ។

    បើតាមលោកឧត្តមសេនីយ៍ឯក យ៉ាត់ ទូច រថយន្ដដែលសម្ដេចប្រើប្រាស់នេះ គឺភាគីវៀតណាមផ្ដល់ឲ្យសម្ដេចជិះបំពេញការងារ​នៅឆ្នាំ១៩៧៩​ រួមជាមួយសម្ភារផ្សេងៗមួយចំនួនទៀត ដូចជាទូរដែកមួយផងដែរ ដែលភាគីវៀតណាមផ្ដល់ជូនសម្ដេច។

    ការដាក់តាំងបង្ហាញនូវរថយន្ដស៊េរីចាស់មួយនេះ ត្រូវបានលោកមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សរូបនេះ អះអាងថា ដើម្បីបញ្ជាក់ឲ្យឃើញពីវត្ថុអនុស្សាវរីយ៍របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើការតស៊ូនៅប្រទេសវៀតណាម និងដើម្បីឲ្យកងទ័ពជំនាន់ក្រោយរៀនសូត្រ អំពីវីរភាពដ៏អង់អាចក្លាហានរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលបានខិតខំតស៊ូរំដោះកម្ពុជា ចេញពីរបបប៉ុល ពត។

    សូមជម្រាប វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

    វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់អស់ថវិកាប៉ុន្មាននោះឡើយ។

    នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានគូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងមុះមុតពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាការសាងសង់វិមានឈ្នះ-ឈ្នះ ក្រុមការងារសាងសង់របស់លោក បានខិតខំប្រឹងប្រែង​ ដើម្បីឈានទៅដល់បញ្ចប់ការសាងសង់វិមានឈ្នះ-ឈ្នះ គ្រោងដាក់សម្ពោធជាផ្លូវការ នៅចុងឆ្នាំនេះតាមផែនការ។

    នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងបន្តថា តាំងពីថ្ងៃទី២៩​ ធ្នូ ១៩៩៨មក ក្នុង​រយៈពេល២០​ឆ្នាំ ដែលប្រទេស​កម្ពុជា បានទទួលសន្តិភាពពេញលេញ និងរីកចំរើនបានដូចថ្ងៃនេះ គឺដោយសារតែមានសម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុម​យុទ្ធជនដោយយកឈាមស្រស់ និងជីវិត​ដើម្បីពលីទាមទារឱ្យបានសន្តិភាពដូចថ្ងៃនេះ ជាក់ស្តែងយុទ្ធជនដែលបានប្រឹងប្រែងតស៊ូ ដើម្បីឱ្យប្រទេសមានសន្តិភាពដូចថ្ងៃនេះ ពួកគាត់មួយចំនួនបានបាត់បង់ជីវិត គឺនៅមានតែរូបថត និង​សកម្មភាពដែលយើងបានរក្សាទុក ដើម្បីបង្ហាញជាទឹកតាងនៅវិមានឈ្នះ ឈ្នះ នេះតែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ