ខ្យល់ព្យុះកម្លាំងខ្លាំងក្លាមួយ កំពុងវាយប្រហារទៅលើប្រទេសជប៉ុន បណ្ដាលឲ្យមនុស្សរងរបួស , ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និង រំខានដល់ការធ្វើដំណើរជាច្រើន។
ខ្យល់ព្យុះដែលមានឈ្មោះថា Trami បានកើតឡើងក្បែរទីក្រុង Osaka កាលពីវេលាម៉ោង ៨យប់ (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ជាមួយនឹងល្បឿន ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។
ជើងហោះហើរ និងរថភ្លើងជាច្រើន ត្រូវបានលុបចោល។ ជាមួយគ្នានេះដែរ ផ្ទះសម្បែងជាង ៧៥០ ០០០ខ្នងបានដាច់ភ្លើង។ មិនតែប៉ុណ្ណោះ មនុស្សយ៉ាងហោចណាស់ ៨៤នាក់បានរងរបួសស្រាល។
គួររំលឹកឲ្យដឹងថា ខ្យល់ព្យុះ Trami បានកើតឡើង មិនដល់មួយខែផង ក្រោយភាគខាងលិចប្រទេសជប៉ុន រងគ្រោះដោយសារខ្យល់ព្យុះកម្លាំងខ្លាំងបំផុត ក្នុងរយៈពេល ២៥ឆ្នាំ៕