ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ បានបញ្ចប់ជាស្ថាពរហើយ ដោយជើងឯកបានទៅក្រុមណាហ្គាវើល ដែលមានពិន្ទុវ៉ាដាច់គូប្រជែង ៧ពិន្ទុ ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺប្រកួតចុងក្រោយរបស់ក្រុមខ្លាំង ប៉ះខ្លាំងចំនួន ២ប្រកួត បានបញ្ចប់ដោយតានតឹងបំផុត ក្នុងជំនួបកិច្ចសប្ដាហ៍ទី២២ កាលពីយប់មិញ ។
សម្រាប់ក្រុមបឹងកេត ត្រូវបានក្រុមភ្នំពេញក្រោន វាយបកយកឈ្នះ ២-១ បន្ទាប់ពីយកឈ្នះកាលពីជើងទី១ ដោយលទ្ធផល ៣-២ នៅលើទឹកដីភ្នំពេញក្រោន ។ ជំនួបជើងទី២ យប់មិញ ក្រុមទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តរៀងៗខ្លួន ចំពោះការលេង ១០០ៗ ដើម្បីដណ្ដើមជ័យជម្នះ រហូតមានកីឡាករ ២នាក់បានទទួលកាតក្រហម ក្នុងពេលតែមួយ គឺកីឡាករ ម៉ាត់ យ៉ាមីន របស់បឹងកេត និង អ៊ុក សិទ្ធី របស់ភ្នំពេញក្រោន ក្នុងនាទី២២ មុនកីឡាករ អ៊ន ចាន់ប៊ូលិន ស៊ុតបំប៉ោងសំណាញ់ក្រុមបឹងកេត ១គ្រាប់នៅនាទី៤២ ។
ចូលតង់ទី២ ក្រុមទាំងពីរ បានដាក់សម្ពាធរៀងៗខ្លួន ទោះបីមានសមាជិកម្ខាង ១០នាក់ក៏ដោយ ។ ទីបំផុតកីឡាករ Junior Valci បានបន្ថែម ១គ្រាប់ទៀតឲ្យភ្នំពេញក្រោន នៅនាទី៨៨ មុនកីឡាករ Oiboh Julius វាកបកបាន ១គ្រាប់ឲ្យក្រុមបឹងកេត នៅនាទី៩០+៤ ។ ប៉ុន្ដែយ៉ាងណាលទ្ធផលនេះ បានធ្វើឲ្យក្រុមរក្សាកៅអីដដែល ពោលគឺក្រុមបឹងកេតទទួលបានជើងឯក ក្រោយឆ្លងកាត់ ២២ប្រកួតឈ្នះ១៥ ស្មើ៤ និងចាញ់ ៣ មាន ៤៩ពិន្ទុ ខណៈភ្នំពេញក្រោនឈរលេខ៥ មាន ៣៦ពិន្ទុ ជាមួយលទ្ធផលឈ្នះ១១ ស្មើ៣ និងចាញ់ ៨ប្រកួត ។
ឯក្រុមវិសាខា ត្រូវបានព្រះខ័នរាជស្វាយរៀងសងសឹកបានសម្រេចដូចគ្នា ជាមួយលទ្ធផល ៥-៤ បន្ទាប់ពីឈ្នះកាលពីជើងទី១ ក្នុងលទ្ធផល ៣-២ ។ ការប្រកួតនេះ បានធ្វើឲ្យកក្រើកកីឡដ្ឋានខេត្តស្វាយរៀង ពិសេសតង់ទី១ ដោយកីឡាករ ហួយ ផល្លីន និង ណុប តុលា រកបាន ៥គ្រាប់ជួយឲ្យម្ចាស់ផ្ទះ នាំមុខក្រុមភ្ញៀវ ៥-១ ។ បន្ទាប់មកទើបក្រុមវិសាខា វាយបកបាន ៣គ្រាប់មកវិញ នៅតង់ទី២ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ។ លទ្ធផលនេះដែរ វិសាខា បានឈរចំណាត់ថ្នាក់លេខ៣ ដោយរក្សា ៤៥ពិន្ទុ និងព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ៦ មាន ៣៣ពិន្ទុ ។
ដោយឡែកក្រុមណាហ្គាវើល បានគ្រងតំណែងជើងឯកលើសពីជោគជ័យ បន្ទាប់ពីពួកគេរកបាន ៣ពិន្ទុបន្ថែមពីការប្រកួតចុងក្រោយ ដោយលត់ក្រុមប៉ូលិស ៦-២ នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលធ្វើឲ្យពួកគេទទួលបាន ៥៦ពិន្ទុពីការប្រកួត ២២លើក ក្នុងនោះឈ្នះ១៨ ស្មើ២ និងចាញ់ ២ ។ អ្វីដែលពិសេសក្នុងជ័យជម្នះក្នុងការប្រកួតបង្ហើយកិច្ចចុងក្រោយ កីឡាករ Bisan George រកបាន ៤គ្រាប់ម្នាក់ឯង ក៏ធ្វើឲ្យកីឡាករស្បែកខ្មៅរូបនេះ ក្លាយជើងម្ចាស់ស្បែកជើងមាសប្រចាំរដូវកាល ក្រោយរកបាន ២៨គ្រាប់ នាំមុខគូប្រជែងកីឡាករ Privat របស់អាស៊ីអឺរ៉ុបរកបាន ២៧គ្រាប់ផងដែរ ៕