ចាប់ពីថ្ងៃនេះរហូតដល់បំណាច់ឆ្នាំ២០១៨ ក្រុមមន្ត្រីជំនាញ និងមន្ត្រីនគរបាលនឹងចុះត្រួតពិនិត្យបណ្ណបើកបរយានយន្ត និងអប់រំច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមបណ្តាផ្លូវជាតិសំខាន់ៗ ដោយថាដើម្បីរិតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព និងតម្លាភាព។
ត្រង់ចំណុចប្រជាពលរដ្ឋមួយចំនួនទំនងជាបានដឹងរួចហើយ ឬក៏មានខ្លះមិនទាន់ដឹងទេថាតើការបើកបរគ្មានបណ្ណបើកបរនឹងត្រូវរងការផាកពិន័យយ៉ាងដូចម្តេចនោះ? ហើយយានយន្តប្រភេទណាមិនតម្រូវឲ្យមានបណ្ណបើកបរ?
តាមច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបញ្ជាយានយន្តគ្រប់ប្រភេទដែលមានទំហំស៊ីឡាំងលើសពី១២៥សង់ទីម៉ែត្រគូប ឬ១២៥សេសេ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងត្រីចក្រយាន ត្រូវមានបណ្ណបើកបរ។
សម្រាប់អ្នកបើកបរណាបញ្ជារថយន្ត ឬយានខាងលើគ្មានបណ្ណបើកបរទេនោះនឹងត្រូវរងពិន័យអន្តរការណ៍ទៅតាមប្រភេទយាន។ សម្រាប់អ្នកបើបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តនឹងត្រូវពិន័យ១៥ ០០០រៀល រថយន្តធុនស្រាល២៥ ០០០រៀល និងរថយន្តធុនធំចំនួន៥០ ០០០រៀល។ នេះបើតាមអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ឆ្នាំ២០១៥ ត្រង់មាត្រា៦។
សម្រាប់អ្នកបើកបររថយន្តវិញអាចនឹងឈានដល់ជាប់ពន្ធនាគារបើសិនជាធ្លាប់រងពិន័យអន្តរការណ៍ម្តងហើយតែនៅតែប្រព្រឹត្តក្នុងរយៈពេល៦ខែ ចាប់ពីថ្ងៃត្រូវពិន័យ។ អំពើល្មើសនេះនឹងត្រូវផន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី៨០ម៉ឺនរៀលទៅ៤លានរៀន។ នេះបើតាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៧៥ថ្មី។
គួរបញ្ជាក់ថាចាប់ពីថ្ងៃនេះតទៅមន្ត្រីជំនាញចរាចរណ៍នឹងធ្វើការត្រួតពិនិត្យបណ្ណបើកបរ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦៕