តារាឆ្នើម Cristiano Ronaldo បានសុំអភ័យទោសដល់តារាបង្ហាញម៉ូដម្នាក់ភ្លាមៗ ក្រោយពីបានរំលោភនាង បើទោះបីនាងបានស្រែកថា «ទេ ទេ ទេ» ក៏ដោយ។ នេះបើយោងទៅតាមឯកសារផ្សេងៗពីតុលាការ។
នាង Kathryn Mayorga វ័យ៣៤ឆ្នាំ ចោទប្រកាន់ថា ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ បានបំពានលើរូបនាងក្នុងសណ្ឋាគារមួយ ក្នុងទីក្រុង Las Vegas កាលពីឆ្នាំ២០០៩ ប៉ុន្តែ Ronaldo បានច្រានចោលចំពោះករណីនេះ។ ឯកសារផ្នែកច្បាប់មួយនេះ បង្ហាញពីការចោទប្រកាន់ផ្សេងៗប្រឆាំងនឹង Ronaldo ដែលជាអតីតតារាឆ្នើមរបស់ក្លិប Manchester United។
នាង Mayorga វ័យ៣៤ឆ្នាំ សញ្ជាតិអាមេរិក ចោទប្រកាន់ថា ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ បានរំលោភរូបនាង ក្នុងបន្ទប់សណ្ឋាគារ១កាលពីរយៈពេល៩ឆ្នាំមុន។ Ronaldo វ័យ៣៣ឆ្នាំ បានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា ជាព័ត៌មានមិនពិត ហើយរូបគេបានបញ្ជាក់ថា ករណីផ្លូវភេទនេះ គឺជាការព្រមព្រៀងទាំងសងខាង។
មានព័ត៌មានចេញផ្សាយថា រូបគេបានយល់ព្រមបង់ប្រាក់ឲ្យនាង Mayorga ចំនួន២៨៧០០០ផោន (ស្មើនឹង៣៧,៤ម៉ឺនដុល្លារអាមេរិក) ដើម្បីរារាំងមិនឲ្យរូបនាងប្តឹងពីបទឧក្រិដ្ឋ ដែលអាចនឹងធ្វើឲ្យរូបគេជាប់គុក១ជីវិត និងរារាំងមិនឲ្យនាងនិយាយរឿងនេះជាសាធារណៈ។
ប៉ុន្តែ បច្ចុប្បន្នមេធាវីរបស់នាង កំពុងតែព្យាយាមលុបចោលសំណងនោះ ហើយនាងបាននិយាយករណីនេះជាលើកទី១។ ឯកសារពីតុលាការដែលត្រូវបានដាក់ដោយមេធាវីរបស់នាង បានសរសេរថា៖ «Cristiano Ronaldo បានទាញជនរងគ្រោះចូលក្នុងបន្ទប់ដេក និងទៅលើគ្រែ ហើយរូបគេបានព្យាយាមចាប់បង្ខំឲ្យនាងរួមភេទ ទោះបីនាងឆ្លើយថា ទេ»៕
ប្រភពព័ត៌មាន៖ The Sun