• ស៊ុន ចាន់ថុល៖ «កម្ពុជាខាតបង់ទ្រព្យសម្បត្តិជាតិ ៣៥០លានដុល្លារក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍»

    (ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា នៅក្នុងប្រទេសកម្ពុជា ដោយសារតែគ្រោះថ្នាក់ចររាចរណ៍ បានធ្វើឱ្យមនុស្ស៥នាក់ស្លាប់ និងរបួសពី១៥ទៅ២០នាក់ក្នុងមួយថ្ងៃ ដែលបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិជាតិប្រហែលជា ៣៥០លានដុល្លារក្នុង១ឆ្នាំ។

    ទេសរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ដែលស្ថិតនៅ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។​ ពិធីនេះដែរក៏មានការចូលរួមពី លោក ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក លោក chalat wongsanguan ប្រធានមជ្ឈមណ្ឌមបណ្តុះបណ្តាលជំនាញនៃក្រុមហ៊ុន SCG ប្រទេសថៃ លោកស្រី Christine តំណាងខាងជំនួយបច្ចេកទេសអាល្លឺម៉ង់ (GIZ) រួមទាំងមានកាចូលរួមពីបុគ្គលិកក្រសួងសាធារណការ និងជញ្ជូន និងភ្ញៀវកិត្តិយសប្រមាណជិត៤០០នាក់ផងដែរ។

    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ការបើកឱ្យដំណើរការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបរយានយន្តធុនធ្ងន់នេះ​ គឺដោយសារតែនៅក្នុងប្រទេសកម្ពុជា មិនទាន់មានសាលាបើកបររថយន្តធុនធ្ងន់នោះទេ ហើយការបើកបររថយន្តប្រភេទ គឺមានសារសំខាន់ណាស់ ដោយសារតែជីវិតមនុស្ស​ គឺស្ថិតនៅក្នុងដៃអ្នកបើកបររថយន្តធុនធ្ងន់នេះឯង ហើយឡានទាំងអស់នេះ អាចបង្កឱ្យមានមនុស្សស្លាប់ជាច្រើន ដូច្នេះហើយ​បានជា ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានសហការជាមួយផ្នែកឯកជន ដើម្បីបើកជាសាលារៀនបើកបររថយន្តធុនធំនេះឡើង ដើម្បីឱ្យអ្នកបើកបរបានស្គាល់ពីច្បាប់ទម្លាប់ បានដឹងពីរបៀបបើកបររថយន្តធុនធំនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងបានកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។

    លោកបានបញ្ជាក់ទៀតថា តាមរបាយការណ៍ នៅកម្ពុជាការចុះបញ្ជីឡានធំៗមានចំនួន ២៣ម៉ឺនគ្រឿង​ ប៉ុន្តែអ្នកដែលមានបណ្ណបើកបរមានប្រហែលតែ៦០% តែប៉ុណ្ណោះ វាគឺបានបញ្ជាក់ឱ្យឃើញថា មានអ្នកបើកបរខ្លះមិនមានបណ្ណបើកបរត្រឹមត្រូវ ទៅតាមប្រភេទរបស់ឡាននោះទេ។ លោកថា កាលពីឆ្នាំ២០១៧​​ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមនុស្សស្លាប់ជិត២០០នាក់ គឺដោយសារតែឡានដឹកទំនិញធុនធំនេះឯង ​​ហើយថ្ងៃនេះការបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់នេះ គឺសំខាន់ណាស់ដើម្បីបង្រៀនអ្នកបើកឱ្យយល់ពីច្បាប់ទម្លាប់ និងមានបណ្ណបើកបរត្រឹមត្រូវ នឹងរថយន្តដែលខ្លួនបានបើក។

    លោកបានបញ្ជាក់ទៀតថា សព្វថ្ងៃនេះក្នុងមួយថ្ងៃមានមនុស្ស៥នាក់បានស្លាប់ និងរបួសពី១៥ ទៅ២០នាក់ ដែលបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិជាតិ ប្រហែលជា ៣៥០លានដុល្លារក្នុងមួយឆ្នាំ ហើយការបង្កើតសាលានេះ គឺដើម្បីកាត់បន្ថយព្រោះថ្នាក់ចររាចរណ៍នេះឯង ដូច្នេះប្រជាពលរដ្ឋ គឺមានភារកកិច្ចទាំងអស់គ្នាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយគ្រោះថ្នាកចររាចរណ៍ នៅក្នុងប្រទេស​កម្ពុជាយើងផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ