• យាន «Solar Parker» បំបែក​​កំណត់ត្រា ដោយ​ហោះ​ទៅ​កៀកនឹង ព្រះអាទិត្យ ជាងគេ!

    (វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា នាថ្ងៃចន្ទសប្តាហ៍នេះ យាន Parker Solar Probe បានបំបែកកំណត់ត្រាថ្មីក្លាយវត្ថុបង្កើតឡើងដោយមនុស្ស ដែលស្ថិតនៅជិតព្រះអាទិត្យបំផុត និងកំពុងត្រៀមហោះឆ្វែលដុំបាល់ភ្លើងយក្សនេះជាលើកដំបូងនៅថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។

    បើតាម NASA នាថ្ងៃចន្ទសប្តាហ៍នេះយានអវកាស Paker Solar Probe បានបំបែកកំណត់ត្រាចាស់របស់យានអវកាសអាល្លឺម៉ង់-អាមេរិក Helios 2 ដែលបានទៅដល់ចម្ងាយ ៤២.៧៣លានគីឡូម៉ែត្រពីផ្ទៃព្រះអាទិត្យ កាលពីខែមេសា ឆ្នាំ១៩៧៦។ យានដែលមានតម្លៃ ១.៥ពាន់លានដុល្លារនេះ ត្រូវបានបាញ់បង្ហោះកាលពីខែសីហាកន្លងទៅ ក្នុងដំណើរបេសកកម្មការពារភពផែនដី តាមរយៈការសិក្សាស្រាវជ្រាវ ដើម្បីទម្លាយអាថ៌កំបាំងនៃព្យុះព្រះអាទិត្យដ៏គ្រោះថ្នាក់។

    គោលដៅរបស់ Parker Solar Probe នឹងធ្វើការហោះឆ្វែលព្រះអាទិត្យចំនួន ២៤លើក ក្នុងអំឡុងពេល ០៧ឆ្នាំ ដោយការហោះឆ្វែលលើកទីមួយរបស់វា ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនាថ្ងៃពុធសប្តាហ៍នេះ ខណៈការហោះឆ្វែលលើកចុងក្រោយ ទៅដល់កៀកព្រះអាទិត្យតែម្តង គឺនៅរយៈចម្ងាយ ០៦លានគីឡូម៉ែត្រពីគ្នានោះ នឹងកើតមាននៅឆ្នាំ២០២៥។

    ទន្ទឹមនឹងនេះ Parker Solar Probe ក៏នឹងត្រៀមបំបែកកំណត់ត្រាមួយផ្សេងទៀតផងដែរ គឺក្នុងនាមជាយានធ្វើដំណើរកាត់ព្រះអាទិត្យក្នុងល្បឿនលឿនជាងគេបង្អស់ ដោយកំណត់ត្រាចាស់គឺជាស្នាដៃរបស់យាន Helios 2 ដដែល ដែលមានល្បឿន២៤៦,៩៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ