មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ពន្យល់បន្ថែមពាក់ព័ន្ធការប្រើប្រាស់លុយយ៉ន់ចិននៅកម្ពុជាឲ្យទូលំទូលាយ តាមរយៈប្រព័ន្ធធនាគារ បន្ទាប់ពីសាធារណជនមួយចំនួនមានការភាន់ច្រឡំ ជុំវិញគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងកើនឡើងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងប្រទេសចិននិងកម្ពុជា។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៣០ តុលា ឆ្នាំ ២០១៨ ថា នេះគឺជាការសហការប្រើប្រាស់រូបិយវត្ថុជាតិវាងកម្ពុជា និងចិន ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី។ និយាយឲ្យស្រួលយល់ ពេលពាណិជ្ជករចិនទិញទំនិញពីកម្ពុជា ត្រូវទូទាត់ជាលុយរៀល ហើយបើកម្ពុជាទិញពីចិន ត្រូវទូទាត់លុយយ៉ន់ ដោយវេរចំនួនលុយទាំងនោះតាមរយៈប្រព័ន្ធធនាគារ។
លោកជំទាវ ថា៖ “មិនមែនបានន័យថា ឲ្យគេ(ចិន) ដឹកក្រដាសលុយយ៉ន់ មកប្រើក្នុងប្រទេសកម្ពុជា ហើយយើងអត់ចង់បានលុយច្រើនដូចប្រាក់ដុល្លារនោះទេ”។
ការសហការណ៍នេះ គឺមិនមែនធ្វើតែជាមួយលុយជាតិរបស់ចិននោះទេ កម្ពុជានឹងធ្វើការទូទាត់ជារូបិយប័ណ្ណជាតិជាមួយប្រទេសដទៃក្នុងតំបន់អាស៊ានឯទៀត ដោយសារមិនចង់ពឹងផ្អែករូបិយប័ណ្ណបរទេសធំៗ ដូចជា លុយដុល្លារ លុយផោន និងលុយអ៊ឺរ៉ូ ជាដើម។
ការណ៍ធ្វើដូចនេះ គឺមានតម្លៃពីរយ៉ាង៖
– ទី១៖ ប្រទេសនីមួយៗទទួលបានតម្លៃនៃរូបិយប័ណ្ណវត្ថុជាតិរៀងៗខ្លួន
– ទី២៖ មិនរំពឹងលុយបរទេស ។
ត្រង់ចំណុចនេះលោកជំទាវ បន្ថែមថា “កាលណាយើងកាន់លុយគេច្រើន បើមានបញ្ហាណាមួយនោះ យើងប៉ះពាល់ដែរ ប៉ុន្តែយើងមិនអាចជៀសផុតការប្រើប្រាស់លុយគេទេ ប៉ុន្តែយើងអាចកាត់បន្ថយខ្លះ”។
តាមរយៈការកាត់បន្ថយការប្រើប្រាស់លុយដុល្លារ ធនាគារជាតិនៃកម្ពុជា មានគោលនយោបាយជាក់លាក់ លើកទឹកចិត្តជំរុញឲ្យប្រើប្រាស់ប្រាក់រៀល ដោយប្រយោល។
ចំពោះការប្រើប្រាស់ប្រាក់យ៉ន់ ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារប្រទេសចិនពីរ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ៉ន់ គឺ ធនាគារ BOC និងធនាគារ ICBC និងធនាគារពាណិជ្ជនៅកម្ពុជា ១៣ ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់យ៉ន់ ហើយតាមរយៈនេះ វិនិយោគិន ពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ៉ន់ អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ៉ន់បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មកពីប្រទេសចិន។
គួរជម្រាបថា គិតមកសព្វថ្ងៃ លំហូរលុយដុល្លារប្រើប្រាស់នៅកម្ពុជា មានរហូតដល់ទៅ ៩០% នៃទំហំសេដ្ឋកិច្ចសរុប៕