តើយប់នេះ Apple នឹងប្រកាសផលិតផលថ្មីៗអ្វីខ្លះ?

កម្មវិធី​ប្រកាស​ចេញ​ផលិតផល​ថ្មី​ប្រចាំ​ឆ្នាំ ២០១៨ របស់​ Apple ត្រូវ​ធ្វើ​ឡើង​ម្ដង​ទៀត​នា​យប់​ថ្ងៃ​ទី ៣០ ខែ​តុលា​នេះ។ ខាង​ក្រោម​ជា​ផលិតផល​ដែល​គេ​រំពឹង​ថា​លេច​មុខ​ក្នុង​កម្មវិធី ៖

iPad Pro

iPad Pro ជំនាន់​ថ្មី​នឹង​មាន​រចនាបថ​ដូច​ជា​ iPhone XS ដោយ​មាន​​ស៊ុម​អេក្រង់​ស្ដើង និង​គ្មាន​ប៊ូតុង​ Home ហើយ​ជំនួស​មក​វិញ​នូវ​មុខងារ​ស្កេន​មុខ​ TrueDepth។ ​ប៉ុន្តែ​នៅ​លើ iPad Pro នឹង​គ្មាន​អេក្រង់​ឆក​ដូច​ជា iPhone XS ​នោះ​ឡើយ។

​ចំណុច​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ទៀត​លើ iPad Pro ស៊េរី​ថ្មី​គឺ​​មិន​មាន​រន្ធ​កាស​ 3.5 mm ហើយ​នឹង​ប្រើ​រន្ធ​ USB-C ជំនួស​ឲ្យ​រន្ធ​ Lightning វិញ។ ការ​ប្រើ​រន្ធ​ USB-C នឹង​អាច​ឲ្យ​សាក​ថ្ម​បាន​លឿន​ និង​អាច​​ផ្ដល់​សមត្ថភាព​ថ្មី​ដូច​ជា​អាច​​ភ្ជាប់​ទៅ​នឹង​ Monitor កម្រិត 4K ជា​ដើម។

ខាង​ក្នុង​ iPad Pro រំពឹង​ថា​នឹង​មាន​បំពាក់​បន្ទះ​ឈីប​ A12X Bionic ដែល​​មាន​ដំណើរ​ការ​ប្រសើរ​ជាង​បន្ទះ​ឈីប​ A12 Bionic ​មាន​លើ iPhone ស៊េរី​ថ្មី​ទៅ​ទៀត។

Apple Pencil 2

ប្រកាស​ចេញ​ជា​មួយ​ iPad Pro ស៊េរី​ថ្មី គឺ​ Apple Pencil 2 ​ដោយ​មាន​មុខងារ​ថ្មីៗ​ដូច​ជា​​​អាច​​ស្ថិត​នៅ​ជាប់​ iPad ដោយ​កម្លាំង​ដែក​ឆក់, ​ប្រព័ន្ធ​សាក​បញ្ចូល​ថាមពល​ថ្មី និង​​អាច​ទ្រាំទ្រ​នឹង​ការ​បញ្ជា​តាម​កាយ​វិការ​​ដើម្បី​ដំណើរ​ការ​មុខងារ​ជា​ច្រើន។

iPad Mini

អ្នក​វិភាគ​ Ming Chi-Kuo បង្ហាញ​ការ​ជឿជាក់​ថា​​ iPad Mini ថ្មី​នឹង​ប្រកាស​ចេញ​ជា​​មួយ​ iPad Pro ស៊េរី​ថ្មី ​ដោយ​រំពឹង​ថា​នឹង​មាន​តម្លៃ​កាន់​តែ​ធូរ​ថ្លៃ​ជាង iPad Mini ​បច្ចុប្បន្ន​នេះ។

MacBook Air

ចចាមអារ៉ាម​អំពី MacBook Air ស៊េរី​ថ្មី​បាន​លេច​ឮ​អស់​ជាង​មួយ​ឆ្នាំ​មក​ហើយ។ MacBook Air ស៊េរី​ថ្មី​នេះ​នឹង​មាន​អេក្រង់​ទំហំ ១៣ អ៊ីញ ជា​ប្រភេទ Retina ដោយ​មាន​រចនាបថ​ដូច​ MacBook Air ១៣ អ៊ីញ​នា​ពេល​បច្ចុប្បន្ន​ដែរ ប៉ុន្តែ​មាន​ស៊ុម​អេក្រង់​ស្ដើង​ជាង​មុន។ ​​​​​MacBook Air ១៣ អ៊ីញ ថ្មី​រំពឹង​ថា​នឹង​មាន​តម្លៃ​ចន្លោះ​ពី ៧៩៩ ដុល្លារ ដល់ ១ ២០០ ដុល្លារ។

ក្រៅ​ពី​ផលិតផល​ខាង​លើ​នេះ​គេ​រំពឹង​ថា​ Apple នឹង​ Upgrade ផលិត​ពីរ​ផ្សេង​ទៀត​​រួម​មាន​ MacBook និង iMac ដោយ​នឹង​​មាន​បំពាក់​នូវ​ CPU Intel ជំនាន់​ទី ៨ ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ខែ​សីហា។

បញ្ជាក់​ជា​ថ្មី​ថា​កម្មវិធី​ប្រកាស​ចេញ​ផលិតផល​ថ្មី​របស់​ Apple នឹង​ចាប់​ផ្ដើម​នា​វេលា​ម៉ោង ១២ យប់​ថ្ងៃ​ទី ៣០ ឆ្លង​ចូល​​ថ្ងៃ​ទី ៣១ ខែ​តុលា ដែល​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​វិបសាយ​របស់​ Apple ផង​ដែរ៕​​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ