ភ្នំពេញ៖ នៅថ្ងៃនេះ K01 បានទៅសម្ភាសម្ដាយក្មេងស្រី អ្នកជិះបញ្ច្រាស ហើយត្រូវជនបរទេសបុក ដើម្បីបញ្ជាក់ការពិត ជុំវិញប្រាក់សំណង ២៥០ដុល្លារ ដែលធ្វើឱ្យមានការរិះគន់ពេញប្រទេស។
ម្តាយរបស់ក្មេងស្រីដែលជិះបញ្ច្រាសទិស បានពោលពាក្យសុំទោសទៅកាន់មហាជនខ្មែរទាំងអួលដើម.ក ហើយប្រាប់ថាអ្នកស្រីទើបទទួលបានប្រាក់ចំនួន២០០ដុល្លារប៉ុនណោះ ។ ម្ដាយឪពុកជនរងគ្រោះ ដែលជាជនជាតិខ្មែរមិនព្រមទទួលឡើយ ដោយនិយាយថា មិនដឹងយកធ្វើអ្វីកើតលុយប៉ុណ្ណឹង។ ហើយក៏មានសារព័ត៏មានបានចុះផ្សាយថា ម្តាយជនរងគ្រោះនោះ ទាមទារសំណងពីជនបរទេសដល់ទៅ២៥០ដុលា្លរ ទាំងដែលកូនស្រីខ្លួនជាអ្នកជិះខុសសោះ។
ទាក់ទិននឹងហេតុការណ៍មួយនេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង រហូតចែកចាយច្រើនដង ល្បីដល់ឧកញ៉ា ឌួង ឆាយ និង ទៀ វិចិត្រ ព្រមទាំងមហាជនមួយចំនួនទៀត ចង់ចេញលុយសងជនបរទេសនោះផង។
ម្តាយក្មេងស្រីបានរៀបរាប់ថា”បងស្រីទើបតែបាត់បង់កូនស្រីម្នាក់ ដែលមានជំងឺមហារីក ភ្លាមនោះគ្រាន់តែគាត់បានលឺដំណឹងថា កូនស្រីម្នាក់ទៀតរបស់គាត់ជួបនូវគ្រោះថ្នាក់ចរាចរណ៍ គាត់មានអារម្មណ៍ភ័យខ្លាំងណាស់។ បងស្រីក៏បានបន្តទៀតថា នៅពេលដែលជនជាតិបរទេសនោះសំពះគាត់ គាត់មិនបានចាប់អារម្មណ៍អីទេ ព្រោះតែគាត់ភ័យពីកូនពេក”។
ត្រង់ចំណុចនេះ បើតាមការរៀបរាប់របស់ម្ដាយជនរងគ្រោះបានបញ្ជាក់ថា ដំបូងឡើយជនបរទេសនោះ ពិតជាបានសងលុយ ៨០ដុល្លារមែន ប៉ុន្តែអ្នកស្រីមិនទាន់ហាមាត់ថាទទួលភ្លាមៗទេ គឺត្រូវយកកូនទៅមន្ទីរពេទ្យសិន ដើម្បីស្កេនខួរក្បាលមើល។ នៅពេលនោះ ជនបរទេសក៏បានទៅជាមួយដែរ។ នៅពេលស្កេន ខាងពេទ្យយកថ្លៃ ១០០ដុល្លារ។ ឃើញបែបនេះ ជនបរទេសភ័យពេក ក៏និយាយថា នឹងសង ៥០០ដុល្លារ។
ដោយសារមានលុយក្នុងខ្លួនតែ ៨០ដុល្លារ ទើបជនបរទេសសុំដកលុយបន្ថែមឲ្យ ប៉ុន្តែប្រពន្ធជនបរទេសដែលជាជនជាតិខ្មែរ បានសុំសម្រួលយកត្រឹម ២៥០ដុល្លារ ព្រោះស្កេនរួច មិនត្រូវខាងក្នុងឡើយ គឺត្រឹមរបួសសើស្បែកប៉ុណ្ណោះ។ ទោះបែបនេះក្ដី លុយក្នុងកាតដកមកទៀត បានត្រឹម ១២០ដុល្លារ បង្គ្រប់ ២០០ដុល្លារប្រគល់ទៅម្ដាយជនរងគ្រោះប៉ុណ្ណោះ ហើយជនបរទេសហៅទៅយក ៥០ដុល្លារបន្ថែមទៀតនៅថ្ងៃចន្ទនេះ ដើម្បីឱ្យគ្រប់ ២០០ដុល្លារ។
ក្រោយទទួលបានដំណឹងថា មានការរិះគន់ពេញផ្ទៃប្រទេស អ្នកស្រីលែងយកលុយ ៥០ដុល្លារនោះហើយ។ អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកថា មិននឹកស្មានរឿងរ៉ាវកើតធំដល់ថ្នាក់នេះទេ។ បើសិនជាអាច គឺអ្នកស្រីចង់ជួបជនបរទេសនោះ ដើម្បីសុំទោសដោយផ្ទាល់ និងសងលុយ ២០០ដុល្លារវិញ។ អ្នកស្រីបានបញ្ជាក់ថា លុយដែលយកមក គឺព្យាបាលកូនប៉ុណ្ណោះ មិនបានយកទៅណាឡើយ៕
ប្រភព៖ K01