(ភ្នំពេញ)៖ កីឡដ្ឋាន AEU Sport Park របស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប ត្រូវបានបូមទឹកពង្រីង ដើម្បីស្ថាបនា និងជួសជុលកន្លែងខូចខាតឡើងវិញហើយ បន្ទាប់ពីរងគ្រោះទឹកជំនន់លិចលង់អស់រយៈពេលជាង ២ខែកន្លះកន្លងទៅ ។
ផ្អែកលើស្ថានភាពជាក់ស្ដែង ក្រោយបូមទឹកពង្រីង គេឃើញហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវបានខូចខាត ត្រូវធ្វើការជួសជុលឡើងវិញ តែអ្វីដែលខូចខាតទាំងស្រុង គឺស្មៅធម្មជាតិ ដែលត្រូវចំណាយពេលវេលាដាំ និងថែរក្សាជាថ្មី ដើម្បីត្រៀមទទួលរដូវកាលថ្មី នៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាដើម ។ បើតាមការវាយតម្លៃរបស់មន្ដ្រីក្លឹប ការខូចខាតនេះ នឹងត្រូវចំណាយថវិកាមិនក្រោមខ្ទង់ម៉ឺនដុល្លារឡើយ ដើម្បីស្ថាបនាឡើងវិញ ។
គួរបញ្ជាក់ថា កីឡដ្ឋាន AEU Sport Park មានទីតាំងនៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល តែក្រោយបើកដំណើរការមិនទាន់បាន ១រដូវកាលផង ក៏ត្រូវរងគ្រោះទឹកជំនន់លិចលង់ ដោយសារការបាក់ទំនប់ នៅថ្ងៃទី១៤ ខែសីហាកន្លងទៅ ដែលបង្ខំឲ្យការប្រកួតក្នុងដី ២ប្រកួតចុងក្រោយរបស់ក្រុមអាស៊ីអឺរ៉ុប ត្រូវខ្ចីពហុកីឡដ្ឋានជាតិប្រើប្រាស់ ស្របពេលសមិទ្ធិផលឆ្នាំ២០១៨ ពួកគេបានឈរចំណាត់ថ្នាក់៨ និងមាន ៣០ពិន្ទុ ក្រោយឆ្លងកាត់ ២២ប្រកួតឈ្នះ៨ ស្មើ៦ និងចាញ់ ៨ប្រកួត៕