អគារថ្មី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទើបតែសាងសង់រួច ដែលបានវិនិយោគជិត៤០លានដុល្លារលើផ្ទៃដីជិត ៨ហិចតា នោះបានប្រកាសថ្ងៃបើកបវេសនកាលហើយ ចូលរៀនលើកទីមួយនៅថ្ងៃទី ១២ ខែវិច្ឆិកានេះ។
សាលាខាងលើ មានថ្នាក់បរិញ្ញាបត្រសិក្សារយ:ពេល ៤ឆ្នាំ លើមុខជំនាញហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងជំនាញដទៃទៀត។ យ៉ាងណាមិញសម្រាប់សិស្ស ដែលមិនបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ វិទ្សាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏បានសម្រេចទទួលចុះឈ្មោះឱ្យចូលរៀនកម្រិតបរិញ្ញាបត្ររងឯកទេស ដែលមានរយៈពេល ២ឆ្នាំ និងអាចបន្តរៀនយកកម្រិតបរិញ្ញាបត្របានផងដែរ។
អ្វីដែលពិសេសនោះ នៅពេលអ្នករៀនចប់នៅសាលានេះ អាចមានឱកាសបានធ្វើការនៅធនាគារ អេស៊ីលីដា និងស្ថាប័នដៃគូប្រមាណជាង ៧០ស្ថាប័នថែមទៀតផង។
អគារសិក្សា មានលក្ខណៈស្តង់ដារអន្តរជាតិ ទំនើប និងប្រកបដោយផាសុកភាព រៀនទាំងទ្រឹស្តី និងការអនុវត្ដផ្ទាល់នៅធនាគារ អេស៊ីលីដា ផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕