• សាន ផានិត រិះគន់​កប់ៗ​មាត់ ជុំវិញ​ការដាក់​អក្សរ​ចិនធំៗ លើអក្សរ​ជាតិខ្មែរ នៃខ្លោងទ្វារ​មន្ទីរពេទ្យ «ព្រះកុសុមៈ» ​

    (ភ្នំពេញ)៖ ស្របពេលដែលកំពុងមានការចែករំលែក យ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈមានការទម្លាយរូបភាព នៃក្លោងទ្វាររបស់មន្ទីរពេទ្យព្រះកុសុមៈ ឬហៅថា ពេទ្យលោកសង្ឃ ភ្លាមៗនោះ គេសង្កេតឃើញមានមជ្ឈដ្ឋាន មហាជនខ្មែរជាច្រើន បានសម្តែងការមិនពេញចិត្ត ព្រមនឹងការរិះគន់លើទង្វើ ដែលត្រូវបានគេសរសេរឈ្មោះអក្សរចិន នៅពីលើអក្សរជាតិខ្មែរ។

    ផ្អែមតាមរូបភាព ដែលត្រូវបានអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុកបង្ហោះ និងស៊ែរចែករំលែកភ្ជាប់ ជាមួយការរិះគន់នេះដែរ បានកើតឡើងបន្ទាប់ពីឈ្មោះ និងតួអក្សរនៅក្នុងខ្លោងទ្វារ នៃមន្ទីរពេទ្យនេះ បានឆ្លាក់ឈ្មោះជាអក្សចិន នៅពីលើអក្សរខ្មែរ (មិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ)។ ទង្វើនេះត្រូវបានគេចាត់ទុកថា ជាការប្រមាថមើលងាយ អក្សសាស្រ្តជាតិខ្មែរ និងមុខមាត់របស់ប្រទេសជាតិផងដែរ។

    ស្របពេលជាមួយគ្នានេះ មិនខុសគ្នានឹងប្រជាពលរដ្ឋខ្មែរទូទៅនោះទេ ក៏មានតារាចម្រៀងប្រុសរបស់ខ្មែរម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» គឺលោក សាន ផានិត ក៏បានផ្ទុះការរិះគន់ លើសកម្មភព នៃការប្រើប្រាស់តួអក្សរនៃមន្ទីពេទ្យ «ព្រះកុសុមៈ» ដែលបានឲ្យភាសាចិន នៅលើតួអក្សរខ្មែរដែរថា «កណ្តាលដើមទ្រូងរាជធានីភ្នំពេញ មន្ទីរពេទ្យលោកសង្ឃបច្ចុប្បន្ន»។

    តារាសម្ដែង មានឈ្មោះបោះសំឡេងរាប់ឆ្នាំ លោក ហម ឈរ៉ា បានសរសេរក្នុងបណ្ដាញសង្គមផ្លូវការ របស់លោកថា «សូមប្រឆាំងដាច់ខាត មិនអាចទទួលយកបានទេ! អក្សរជាតិត្រូវតែសរសេរខាងលើអក្សរបរទេស! តើមូលហេតុអ្វីបានជាឲ្យមានបែបនេះទៅកើត នៅក្នុងប្រទេសរបស់ខ្លួន?»។

    ដោយឡែក សម្រាប់តារាចម្រៀងជាប់នាមជាតារាកំពូលទិស លោក ម៉ៃ សុគន្ធ ឯណោះវិញ ក៏បានបញ្ចេញប្រតិកម្មដែរថា «តាមពិតខ្ញុំមិនដែលទើសទេរឿងនឹង តែវាលើសពេកហើយ សូមមត្តាលោកសាលាក្រុងមើលផងបាទ សិទ្ធិអំណាចសម្បើមពេកហើយ លោកម្ចាស់ ឬមួយក៏ពួកលោកដេកលក់ទាំងថ្ងៃ ទាំងយប់អស់ហើយ?។ ឬដើរបិទភ្នែកតើឯណាទៅអត្តសញ្ញាណជាតិខ្មែរ ឬមួយខ្មែរត្រូវគេសង្កត់តពូជ?»។

    ចំណែកឯគូស្នេហ៍របស់តារាសម្តែងស្រី ដេននី ក្វាន់ គឺលោក ចាន់ មករា ក៏បានបញ្ចេញទស្សនៈរបស់ខ្លួន លើទង្វើរបែបនេះផងដែរថា «តើនេះជាការប្រមាថមើលងាយ អក្សសាស្រ្តជាតិខ្មែរដែរឬទេ ? តើក្នុងនាមជាពលរដ្ឋខ្មែរ មានសិទ្ធិប្តឹងអ្នកដែលធ្វើស្លាកយីហោនេះដែរឬទេ? ខ្ញុំអត់សូវយល់ដឹងពីច្បាប់ ដូចនេះខ្ញុំគ្រាន់តែឆ្ងល់? បញ្ជាក់ ហាមជេរ»។

    ទាក់ទងនឹងរឿងរ៉ាវដ៏សើបខាងលើនេះដែរ គិតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ចេញប្រតិកម្មណាមួយ ពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ ឬអាជ្ញាធរក្រុងភ្នំពេញ នៅឡើយទេ ខណៈមានមហាជនជាច្រើន កំពុងផ្ទុះប្រតិកម្ម និងការរិះគន់ចំពោះទង្វើរបែបនេះ។ ដូច្នេះសង្ឃឹមថា នឹងមានការចេញមុខបញ្ជាក់កាន់តែច្បាស់ ពីខាងមន្រ្តីពាក់ព័ន្ធ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ