(កូរ៉េ)៖ បុរសជនជាតិកូរ៉េម្នាក់ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារដោយសារតែរងការចោទប្រកាន់ ពីទង្វើបៀតបៀនកេរ្តិ៍ខ្មាស់ ទៅលើតារាចម្រៀងស្រីក្រុម AOA Seolhyun ត្រូវបានកំណត់អត្តសញ្ញាណថា ជាបុរសម្នាក់ដែលមានអាយុ ៤០ឆ្នាំនិងទំនងជាមានជម្ងឺវិកលចរិក។ បុរសនោះត្រូវបានតុលាការស្រុក Incheon កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៦ខែនិងព្យួរ២ឆ្នាំហើយជាប់បម្រាមរយៈពេល៥ឆ្នាំដោយមិនអនុញ្ញាតឲ្យធ្វើការងារនៅក្នុងស្ថាប័នពាក់ព័ន្ធ នឹងកុមារឬយុវជនឡើយ។
ដើមហេតុគឺជនជាប់ចោទបានផ្ញើសារ និងវីដេអូដ៏គួរស្អប់ខ្ពើមទៅកាន់ Instagram ផ្ទាល់ របស់ Seolhyun ចាប់តាំងពីខែមេសា ដល់ខែធ្នូ ឆ្នាំមុនហើយតាមលទ្ធផលនៃការស៊ើបអង្កេត ប៉ូលីសរកឃើញថាជន នេះបានផ្ញើវីដេអូអាសអាភាសនិងសារមិនសមរម្យជាច្រើនហើយសរុបទៅមិនក្រោម៤៣ដងទេក្នុងអំឡុងពេលនោះ។
តាមរបាយការណ៍បញ្ជាក់ថា ជនជាប់ចោទមានជម្ងឺវិកលចរិកទើបប្រព្រឹត្តទង្វើបែបនេះបន្ទាប់ពី Seolhyun បានពាក្យបណ្តឹង ប៉ុន្តែចៅក្រមសម្រេចថាទោះបីជាសកម្មភាពរបស់បុរសនេះហាក់ដូចជាទទួលរងឥទ្ធិពលពីជម្ងឺផ្លូវចិត្តក៏ដោយ តែមិនត្រូវបានគេទទួលស្គាល់ថាជាភាពឆ្កួតលីលាឡើយ៕