ភ្នំពេញ៖ ក្រោយចូលកាន់តំណែងគ្រូធំរបស់ក្លឹបភ្នំពេញក្រោន អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo បានដាក់សំណើរគួរឲ្យភ្ញាក់ផ្អើលមួយដល់អ្នកគាំទ្រកម្ពុជា ដោយលោកស្នើឲ្យបញ្ឈប់ការហៅកីឡាករថា Idol ហើយកីឡាករផ្ទាល់ ត្រូវបញ្ឈប់ការបង្ហាញនូវភាពទន់ជ្រាយលើបណ្ដាញសង្គម ដើម្បីជំរុញឲ្យវិស័យបាល់ទាត់មានការរីកចម្រើន និងមានការប្រកួតប្រជែងកាន់តែមានគុណភាព ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្លឹបភ្នំពេញក្រោន កាលពីម្សិលមិញថា លោក Leonardo បាននិយាយថា «សូមឲ្យអ្នកគាំទ្រទាំងអស់ ឈប់ហៅកីឡាករជា Idol ៗៗៗ ទាំងមិនទាន់ចប់ការប្រកួត ។ បើនៅប្រេស៊ីល គេអត់បាន Post អ្វីទាំងអស់ ពេលគេចាញ់ការប្រកួត… តែនៅកម្ពុជា និយមប្រើបណ្ដាញសង្គមពេក ឲ្យតែចាញ់កីឡាករច្រើនប្រើពាក្យ សុំទោសៗៗ ហើយអ្នកគាំទ្រចូលមក អត់អីទេៗ Idol ។ កន្លែងហ្នឹង យើងអត់ត្រូវការសុំទោស ព្រោះយើងចាញ់ការប្រកួត យើងត្រូវមានសម្ពាធ ហើយត្រូវការប្រឹងបន្ថែម ដើម្បីបោះជំហ៊ានទៅមុខ» ។
ការលើកឡើងបែបនេះ ដោយសារកន្លងមក លោកសង្កេតឃើញអ្នកគាំទ្រកម្ពុជា ភាគច្រើនបានផ្ដល់តម្លៃដល់កីឡាករជ្រុលពេក រហូតហៅកីឡាករថាជា Idol ទាំងតែការប្រកួតបរាជ័យ ។ ត្រង់ចំណុចនេះ លោកបានលើកឧទាហរណ៍ពីលីគម៉ាឡេស៊ី ដោយម៉ាឡេស៊ីមានអ្នកគាំទ្រ តែគេមិនទទួលយកការចាញ់ ឬសរសើរកីឡាករ ពេលធ្វើមិនបានល្អនោះទេ ដែលធ្វើឲ្យកីឡាកររបស់ពួកគេ មានការខិតខំប្រឹងបន្ថែម មិនបង្ហាញភាពទន់ជ្រាយនោះទេ គឺកីឡាករត្រូវរងសម្ពាធខ្លាំងពីអ្នកគាំទ្រ តាមរយៈ Ultras Fan របស់ពួកគេ ។
បន្ថែមលើនេះ លោក Leonardo បានសង្កត់ធ្ងន់ថា «ខ្ញុំសំណូមពរដល់អ្នកគាំទ្រកម្ពុជា សូមឈប់ហៅពួកគាត់(កីឡាករ)ថា Idol ព្រោះ Idol ពិតប្រាកដ ត្រូវមានខួបក្បាលជាអ្នកឈ្នះ ហើយពេលចាញ់ អត់ត្រូវការសុំទោស ព្រោះកីឡាករពិតប្រាកដ ឬអ្នកប្រយុទ្ធពិតប្រាកដ យើងអត់ត្រូវការភាពទន់ជ្រាយទេ យើងត្រូវការភាពរឹងមាំ និងខួបក្បាលរីកចម្រើន ដើម្បីទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតក្រោយៗ» ។ ជាមួយនឹងការលើកឡើងបែបនេះ គេឃើញមានអ្នកគាំទ្រមួយចំនួនធំ បានសម្ដែងការគាំទ្រ និងត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍តាមសម្ដីរបស់បុរសជនជាតិប្រេស៊ីរូបនេះ ៕