PSG ត្រូវ​ប្រជែង​ជាមួយ​អតីត​គ្រូបង្វឹក Ancelotti ក្នុង UEFA Champions League រាត្រីនេះ

(ប៉ារីស)៖ ក្រុមជើងឯកបារាំង Paris Saint-Germain (PSG) នឹងត្រូវតតាំងជាមួយក្លឹបមកពីអ៊ីតាលី Napoli ដែលមាន អតីតគ្រូបង្វឹករបស់ខ្លួន Carlo Ancelotti ដឹកនាំ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League ដែលជា ការប្រកួតលើកទី៣ វគ្គសន្សំពិន្ទុនៃពូល C។

សូមរំលឹកដែរថា បុរសជនជាតិអ៊ីតាលី វ័យ៥៩ឆ្នាំ Carlo Ancelotti ក៏ធ្លាប់ដឹកនាំ PSG នៅអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ ផងដែរ មុនលាឈប់ទៅដឹកនាំ Real Madrid នៃប្រទេសអេស្ប៉ាញ។ តែម៉ោង ២រំលងអាធ្រាត្រនេះ រូបលោកត្រូវដឹកនាំ Napoli វិលមកកាន់ទឹកដីប៉ារីសសាជាថ្មី ខុសប្លែកគ្នាកាលពីរដូវកាលមុន លោកដឹកនាំ Bayern Munich មកទីនេះដូចគ្នាក្នុងពានរង្វាន់ខាងលើ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Ancelotti បានឲ្យដឹងថា លោកមានអារម្មណ៍មុនការប្រកួតទល់នឹង PSG ពេលនោះថា មានកីឡាករ Bayern តែកន្លះក្រុមប៉ុណ្ណោះមានទំនុកចិត្តលើលោក។ ដោយឡែក សម្រាប់រាត្រីនេះវិញ លោកអះអាងថា Napoli មានអារម្មណ៍ល្អ និងមានផ្លូវចិត្តរឹងមាំ។ ក្រុមរបស់លោកនឹងព្យាយាមបង្ហាញគុណភាពនៅលើទីលាន។

រីឯគ្រូ PSG លោក Thomas Tuchel ក៏បានសរសើរ Napoli ដែរថា មានការលេងជាក្រុមបានល្អ។ ប្រព័ន្ធ ៤-៤-២របស់ Napoli ដោយមាន Allan និង Hamsik នៅកណ្ដាលធ្វើឱ្យក្រុមនេះមានគុណភាពខ្ពស់ និង Insigne នៅខាងលើដែលអាចបង្កើតភាពគ្រោះថ្នាក់គ្រប់នាទី។ ដូច្នេះ PSG ត្រូវផ្ដោតអារម្មណ៍ឱ្យបានខ្ពស់ អត់ធ្មត់ និងប្រឹងលេងដោយស្វាហាប់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ