នៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ នៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុន Royal Railway បានជួបពិភាក្សាគ្នាអំពី ការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីផ្លូវរថភ្លើង Tramway ។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព និងបំណែងចែកភារកិច្ចការងារក្នុងការរៀបចំ យុទ្ធនាការផ្សព្វផ្សាយអំពីរថភ្លើងប្រភេទថ្មី Tram រួមមានការរៀបចំលិខិតបទដ្ឋាននិងវិធានសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ការផលិតវីដេអូណែនាំ និងវីដេអូផ្សព្វផ្សាយអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការដាក់ឲ្យដំណើរការរថភ្លើងប្រភេទ Tram និងការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធ។
រថភ្លើង Tram ជាប្រភេទរថភ្លើងដែលរត់តែក្នុងក្រុងប៉ុណ្ណោះ នៅបណ្ដាប្រទេសជឿនលឿនមួយចំនួន បានដំណើរការរថភ្លើងប្រភេទនេះ ដើម្បីដឹកជញ្ជូនអ្នកដែលរស់នៅទីក្រុង។ ឥឡូវនេះនៅរាជធានីភ្នំពេញក៏មានផ្លូវរថភ្លើងប្រភេទនេះដែរ ដើម្បីដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ដូចជា៖ សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ។
រថភ្លើងធន់ស្រាលស៊េរីទំនើបចំនួន៣គ្រឿង ដំឡើងនៅប្រទេសម៉ិកស៊ីកូ កំពុងត្រូវបានដឹកតាមកប៉ាល់ឆ្ពោះមកកាន់ប្រទេសកម្ពុជាហើយ។ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Rayal Railway Cambodia រថភ្លើងទាំង៣គ្រឿងនោះ នឹងមកដល់កម្ពុជានៅចុងខែវិច្ឆិកានេះហើយ។
រថភ្លើងធុនស្រាលដែលក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បញ្ជាទិញពីប្រទេសម៉ិចស៊ីកូនេះ គឺមានតម្លៃ ២លានដុល្លារក្នុង១គ្រឿង។ ចំណែកឯខ្សែរថភ្លើងពីស្ថានីយភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រវែង ១០គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។ ដោយឡែកចំពោះរថភ្លើង Tram ស៊េរីទំនើបទាំង៣គ្រឿងនេះ នឹងដំណើរការនៅខែវិច្ឆិកាខាងមុខនេះហើយ៕
ប្រភពើ Sabay