រុស្ស៊ី៖ ប្រទេស​ណាហ៊ាន​វាយប្រហារ​បេឡារុស គឺមិនខុស​ពីវាយប្រហាររុស្ស៊ី​ឡើយ!

(ម៉ូស្គូ)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបែលឡារុស លោក មីឃែល បាប៊ិច (Mikhail Babich) បាននិយាយថា ទីក្រុងម៉ូស្គូ​នឹងចាត់ទុករាល់ការវាយប្រហារណាមួយ​ ពីបរទេសប្រឆាំងនឹង​បែលឡារុស គឺជាការវាយប្រហារ​ប្រឆាំង​នឹងរុស្ស៊ី។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះ​របស់​លោក Mikhail Babich ធ្វើឡើងនៅក្នុង​បទសម្ភាសន៍ជាមួយ​ស្ថានីយ៍ទូរទស្សន៍ Belarus 1 កាលពី​ថ្ងៃអាទិត្យ និងជាការឆ្លើយតបមួយ ​ទៅនឹងគំរោងបង្កើន​វត្តមានយោធា​របស់អង្គការណាតូ នៅក្បែរតំបន់ព្រំដែន​បែលឡារុស និងរុស្ស៊ី។ ថ្លែងនា​ឱកាសនោះ អគ្គរដ្ឋទូត​រុស្ស៊ីរូបនេះ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «រាល់ការវាយប្រហារ​ណាមួយពីបរទេស​ប្រឆាំង បែលឡារុស​នឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារប្រឆាំងនឹងរុស្ស៊ី ដែលត្រូវតែចាត់វិធានការ​ឆ្លើយតបវិញ​ជាដាច់ខាត»។

គួររំលឹកថា ក្រោយជំនួប​ជាមួយប្រធានាធិបតី​ប៉ូឡូញ លោក អានហ្សេច ឌូដា (Andrzej Duda) កាលពីខែកញ្ញាកន្លងទៅ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងវាស៊ីនតោន​នឹងពិចារណា​លើ ការសាងសង់មូលដ្ឋាន​យោធាអចិន្រ្តៃយ៍​មួយ នៅក្នុង​ប្រទេសប៉ូឡូញ។ ក៏ប៉ុន្តែ​ទីក្រុងម៉ូស្គូចាត់ទុកថា គំរោងនេះគឺជាទង្វើរំលោភ​លើកិច្ចព្រមព្រៀង​រវាងណាតូ និងរុស្ស៊ី។

អង្គការណាតូ បានបង្កើនការ​ពង្រីកវត្តមានយោធា​របស់ខ្លួន តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ នៅតាមបណ្ដាប្រទេស​អឺរ៉ុបខាងកើត ដែលមាន​ព្រំដែនជាប់រុស្ស៊ី​ក្រោយទីក្រុងម៉ូស្គូ​បានក្រសោប​យកតំបន់គ្រីមៀ​ពីអ៊ុយក្រែន និងបន្តពង្រីក​ឥទ្ធិពលនៅឯតំបន់​ភាគខាងកើត ​នៃប្រទេសអ៊ុយក្រែន តាមរយៈការគាំទ្រ​ចលនាឧទ្ទាម​បំបែករដ្ឋ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ