គោព្រៃ​កម្ពុជា គ្រោង​ប្រមូល​ផ្ដុំថ្ងៃស្អែក ដើម្បី​ត្រៀមពាន AFF Suzuki Cup 2018

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រោងនឹងចាប់ផ្ដើបប្រមូលផ្ដុំហ្វឹកហាត់ជាថ្មី នៅថ្ងៃទី២០ ខែតុលា ចុង សប្ដាហ៍នេះហើយ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាដើមខែវិច្ឆិកាខាងមុខ។ នេះបើតាមការបង្ហើបឲ្យដឹងរបស់កីឡាករម្នាក់អំឡុងពេល Live លើគណនីហ្វេសប៊ុក កាលពីពេលថ្មីៗ។

ប៉ុន្ដែទោះមានការបង្ហើបកាលបរិច្ឆេទក្រុមរហស្សនាមគោព្រៃកម្ពុជា ត្រូវធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក៏ពិតមែន តែបញ្ជីឈ្មោះកីឡាករនៃក្រុមជម្រើសជាតិនៅមិនទាន់ប្រកាសនោះទេ ខណៈប្រភពដដែលបានអះអាងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងប្រកាសផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខ បន្ទាប់មកទើបចាប់ផ្ដើមយុទ្ធនាការហ្វឹកហាត់តែម្ដង។

បើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Felix កាលពីពេលកន្លងមកក៏បញ្ជាក់ដែរថា បញ្ជីឈ្មោះក្រុមជម្រើសជាតិថ្មី ត្រៀមនឹងចេញឆាប់ៗ តែអាចនឹងមានការផ្លាស់ប្ដូរសមាសភាពកីឡាករខ្លះ បន្ទាប់ពីលោកបានធ្វើតេស្ដកីឡាករចប់រួចរាល់ ក្រោយឆ្លងកាត់ការប្រកួតមិត្តភាពអន្ដរជាតិចំនួន ៣លើកកន្លងមក ពោលគឺជួបម៉ាឡេស៊ី ទីម័រខាងកើត និងសិង្ហបុរី។

ចំពោះបេសកកម្មក្នុងពាន AFF Suzuki Cup វិញ កម្ពុជាស្ថិតក្នុងពូល A ជាមួយវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ខណៈការប្រកួតជម្រុះក្នុងពូល នឹងធ្វើតែ ១ជើងប៉ុណ្ណោះ ទៅតាមការចាប់ឆ្នោតប្រកួតក្នុងដី ឬក្រៅដី ក្នុងនោះកម្ពុជាមាន ២ប្រកួត ត្រូវធ្វើឡើងក្នុងដី រួមមានជួបប្រកួតបើកឆាកពូល A ជាមួយម៉ាឡេស៊ី នាថ្ងៃទី០៨ ខែវិច្ឆិកា និងជួបក្រុមជម្រើសជាតិឡាវ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ