ចំនួនសេដ្ឋីនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងរហូតដល់ទៅ ១១,២% ក្នុងរយៈពេល ១២ខែ សរុបស្មើនឹងចំនួន ១៨៣ ៧៣៧នាក់ ហើយទ្រព្យសម្បត្តិសម្រាប់មនុស្សពេញវ័យម្នាក់បានកើនឡើង ៥,៣% ស្មើនឹងជាង ២៨៣ ០០០ដុល្លារ ដែលជាចំនួនខ្ពស់បំផុតលំដាប់ទី៩ នៅលើពិភពលោក។
ទិន្នន័យខាងលើនេះគឺយោងតាមរបាយការណ៍ទ្រព្យសម្បត្តិពិភពលោកឆ្នាំ២០១៨ របស់វិទ្យាស្ថានស្រាវជ្រាវឥណទានហិរញ្ញវត្ថុ Credit Suisse Research Institute ចេញផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ដែលបានរកឃើញថា ទ្រព្យសម្បត្តិគ្រួសារនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងយ៉ាងខ្លាំង ក្នុងអត្រា ៧,៤% សរុបប្រហែល ១,៣ទ្រីលានដុល្លារ។
Credit Suisse បាននិយាយថា អ្នកដែលត្រូវបានគេចាត់ទុកថាជា អ្នកមានទ្រព្យសម្បត្តិខ្ពស់បំផុត (Crazy Rich) សរុបច្រើនជាង ៥០លានដុល្លារ មានចំនួនប្រហែល ១ពាន់នាក់នៅក្នុងប្រទេសសិង្ហបុរី ពោលគឺកើនឡើង ១,១%។
ជាមួយគ្នានេះដែរ Credit Suisse បានព្យាករណ៍ថា ចំនួនសេដ្ឋីនៅក្នុងប្រទេសសិង្ហបុរី នឹងកើនឡើង ៥,៥% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ សរុបស្មើនឹង ២៣៩ ៦៤០នាក់៕