លោក Wenger នឹងវិល​ចូលទីលាន​បាល់ទាត់​វិញដើម​ឆ្នាំក្រោយ បន្ទាប់​ពីទំនេរ​ជិត ៦ខែ

(ប៉ារីស)៖ អតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បានប្រកាសពីវិលចូលទីលានបាល់ទាត់វិញ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ខាងមុខ ក្រោយសម្រាកពីការងារអស់រយៈពេលជិត ៦ខែមកនេះ បន្ទាប់ពីលាឈប់ដឹក នាំក្រុម Arsenal ចុងបញ្ចប់រដូវកាលមុន។

បុរសវ័យ ៦៨ឆ្នាំជនជាតិបារាំង Wenger បានថ្លែងប្រាប់សារព័ត៌មាន BBC ថា «ខ្ញុំមានអារម្មណ៍ថាធូរស្បើយច្រើននៅ ពេលនេះ និងអាចចាប់ផ្តើមការងារជាថ្មីបានហើយ។ ពិតណាស់ គឺអាចចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ តែមិនដឹងនៅទីលាន ហើយក្រុមណាមួយនោះទេ»។

តែយ៉ាងណាក៏ដោយ Arsene Wenger ត្រូវបានគេលើកទឹកចិត្តជាសកល ក្នុងនោះមានទាំងក្រុមជម្រើសជាតិ និងក្លឹប អាជីពនានា ហើយក្លឹបជប៉ុន Nagoya Grampus ក៏បានធ្វើការទាក់ទងរូបលោកផងដែរ។ Wenger បានឈប់ពីការដឹក នាំ Arsenal បន្ទាប់ពីបញ្ចប់រដូវកាលឆ្នាំ២០១៧-២០១៨ បន្ទាប់ពីដឹកនាំក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសមួយនេះ អស់រយៈពេល ២២ឆ្នាំ ឈ្នះពាន Premier League ៣ដង និងពាន FA Cup ៧ដង។

Wenger បានចាប់ផ្តើមធ្វើគ្រូបង្វឹកដំបូងក្នុងក្លឹបបារាំង Nancy មុនពេលទៅដឹកនាំ Monaco លេងនៅ Ligue 1 បាន ៧ឆ្នាំ ជាមួយនឹងការឈ្នះពានលំដាប់កំពូលបារាំងលើកដំបូងផងដែរ ក្នុងអាជីពជាគ្រូបង្វឹករបស់លោក៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ