• យល់ពី ជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តាលមកពីសម្ពាធឈាមខ្ពស់ គ្រប់គ្រងមិនបានល្អ!

    ជំងឺដាច់សរសៃឈាមខួរក្បាល គឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំអោយមានឈាមកកនៅក្នុងខួរក្បាល។

    ១) ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើអោយ ៖

    – អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម
    – អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។

    ២) រោគសញ្ញា៖

    – ឈឺក្បាលខ្លាំង ភ្លាមៗ
    – មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង រឺ មុខ)
    – វង្វេងស្មារតី រឺសន្លប់

    ៣) មូលហេតុ៖

    យើងជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈាម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា៖

    – ជំងឺទឹកនោមផ្អែម
    – ការពិសារស្រា និងបារីច្រើន

    ៤) ការធ្វើរោគវិនិច្ឆ័យ៖

    ដើម្បីបញ្ជាក់អោយដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ លោកអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលអោយគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។

    ៥) ការព្យាបាល៖

    ក) ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់)៖

    – គ្រប់គ្រងសម្ពាធឈាមអោយបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ
    – ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់
    – ការសម្រាក និងដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។

    ខ) ការព្យាបាលដោយការវះកាត់៖

    គោលបំណងនៃការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។
    យើងធ្វើការវះកាត់នៅពេលដែល៖

    – ទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប)
    – អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២)
    – ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង

    #មន្ទីរពេទ្យកាល់ម៉ែត

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ