សព្វថ្ងៃនេះ ឃើញថាជនជាតិចិនមួយចំនួនធំ ក្នុងចំណោមពួកគេជាច្រើននាក់ បាននិងកំពុងតែល្បីល្បាញយ៉ាងខ្លាំង នៅលើទឹកដីនៃខេត្តព្រះសីហនុ ដោយពួកគេបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយមិនខ្លាចញញើតចិត្តម្ចាស់ទឹកដីសូម្បីបន្តិចឡើយ តាមរយៈការបង្កការអុកឡុកក្នុងរូបភាពផ្សេងៗ និងជាពិសេសការប្រើប្រាស់គ្រឿងញៀនដ៏គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ។
បើទោះបីមានការបង្ក្រាបពីសមត្ថកិច្ចកម្ពុជាយ៉ាងណា ក៏បាតុភាពដ៏គួរឲ្យព្រួយបារម្ភនេះនៅតែបន្តកើតមានឡើងស្ទើរតែជារៀងរាល់ថ្ងៃ នៅតាមទីកន្លែងសប្បាយៗជាច្រើន ដែលពួកគេយកធ្វើជាកន្លែងលួចប្រើប្រាស់គ្រឿងញៀន… ។ ជាការពិត ឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹងទាំងនោះ ពុំត្រឹមតែបង្កឲ្យពួកគេឈានដល់ការព្រឹត្តនូវអំពើហិង្សាកាប់ចាក់គ្នាប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យពួកគេក្លាយជាជនរងគ្រោះដោយសារគ្រឿងញៀននេះផងដែរ ។
ជាក់ស្តែង ថ្មីៗនេះ ស្ត្រីជនជាតិចិនម្នាក់បានធ្វើឲ្យមនុស្សម្នាភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង នៅពេលប្រទះឃើញនាងស្រាប់តែប្រកាច់ននៀលពេញលើដងផ្លូវ រួចក្រឡាប់កាប់ផ្ងារខ្លួនឡើងលើខឿននៃរង្វង់មូលតោ (ក្រុងព្រះសីហនុ) ស្ថិតក្នុងស្ថានភាពអាក្រាតគួរឲ្យអាសូរ ។ ស្ថិតក្នុងស្ថានភាពបែបនេះ មនុស្សជាច្រើនបានសន្មត់ថា ស្ត្រីរូបនោះបែកថ្នាំតែម្តង ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ San Prum ដែលបានបង្ហោះវីដេអូចំនួន២អំពីហេតុការណ៍នេះ ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «#ចិនបែកថ្នាំនៅក្រុងព្រះសីហនុ ក្នុងនាមមនុស្សធម៌ យើងគួរប្រញាប់ជួយសង្គ្រោះគាត់ ដោយមិនគិតពីជាតិសាសន៍….ការបណ្តោយឲ្យគាត់ប្រកាច់ ត្រដរខ្យល់ ដោយមិនហៅយានយន្តដឹកទៅពេទ្យបន្ទាន់ អាចនាំឲ្យគាត់ស្លាប់ ដូចតារាខ្មែរ យើងម្នាក់កាលពីប៉ុន្មានខែមុន..។ល។» ។
ទោះជាយ៉ាងណា អ្នកប្រើប្រាស់បណ្តាញសង្គមបានរិះគន់ផងដែរ ចំពោះមនុស្សនៅជុំវិញនោះ ពុំយកចិត្តទុកដាក់ប្រញាប់ប្រញាល់នាំយកនាងទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗទេ ដោយម្នាក់ៗបែរជានាំគ្នាឈរមើលនាងស្ថិតក្នុងស្ថានភាពដ៏គួរឲ្យអាម៉ាស់បែបនេះទៅវិញ ។ ប៉ុន្តែ ក្នុងវីដេអូ យើងបានលឺបុរសម្នាក់ប្រហែលជាប្រជាការពារសណ្តាប់ធ្លាប់នៅទីនោះនិយាយថា ស្ត្រីរូបនោះបានប្រកាច់ននៀលលើដីយ៉ាងខ្លាំង ចាប់ពុំឈ្នះនោះទេ ហេតុនេះ ពួកគេក៏បណ្តោយទុកឲ្យអស់មួយខ្យល់សិនទៅ ៕