• គ្រូកម្ពុជា​ឆ្លើយ​​​ដូចម្ដេច ពេល​មាន​សំណួរ​អ្នក​គាំទ្រ​កម្ពុជា ផ្ដោត​លើ​លទ្ធផល​ជា​សំខាន់?

    (ភ្នំពេញ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បរាជ័យជាលើកទី២ ហើយ ក្នុងចំណោម ៣ប្រកួត ក្រោមវត្តមានលោក Keisuke Honda និងលោក Felix Agustin Gonzalez Dalmas ចូលមកដឹកនាំ។ ពិសេសក្រោយចប់ការប្រកួតមិត្តភាព ដោយចាញ់ក្រុមភ្ញៀវសិង្ហបុរី ២-១ យប់មិញ មានអ្នកសារព័ត៌មានក្នុងស្រុកម្នាក់ បានសួរទៅកាន់គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាលោក Felix តើលោកយល់ដូចម្តេច ចំពោះលទ្ធផល ហើយអាចប៉ះពាល់អ្នកគាំទ្រឬទេ ខណៈអ្នកគាំទ្រផ្ដោតលើលទ្ធផលជាសំខាន់?

    ពាក់ព័ន្ធសំណួរនេះ គ្រូបង្វឹកជនជាតិអាហ្សង់ទីនខាងលើ បានឆ្លើយតបថា «បើយើងមើលទៅលើការប្រកួត តើយើងអាចយកឈ្នះការប្រកួតមួយដោយរបៀបម៉េច? ក្នុងការប្រកួតកន្លងមក ខ្ញុំទទួលបានគំនិតជាច្រើន ដើម្បីចែករំលែកដល់កីឡាកររបស់ខ្ញុំ ។ ចំពោះលទ្ធផលថ្ងៃនេះ ទោះបីគេនាំមុខ តែអ្នកគាំទ្រនៅតែអបអរដល់ក្រុមកម្ពុជា។ តែយ៉ាងណាក៏ដោយ ពួកយើងនឹងព្យាយាមឲ្យកាន់តែខ្លាំងបំផុត តាមតែអាចធ្វើទៅបាន ដើម្បីឲ្យអ្នកគាំទ្ររបស់យើងកាន់តែសប្បាយរីករាយជាមួយការប្រកួតរបស់យើង»។

    យ៉ាងណាមិញលោកក៏បានទទួលស្គាល់នូវលទ្ធផល ៣ប្រកួត ក្រោមការដឹកនាំរបស់ខ្លួន មិនទាន់សមប្រកបដែរ តែអ្វីដែលលោកទទួលយកបាន គឺភាពរីកចម្រើនរបស់ក្រុម។ ដូច្នេះលោកត្រូវការពេលវេលា ដើម្បីធ្វើកំណែទម្រង់ និងការអភិវឌ្ឍន៍ក្រុមជម្រើសជាតិកម្ពុជាបន្ថែមទៀត ពោលគឺលោកប្ដេជ្ញានឹងព្យាយាមបន្ដិចម្ដងៗ ដើម្បីធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាកាន់តែរីកចម្រើន ពិសេសគឺដំណើរឆ្ពោះទៅរកការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចូលមកដល់ នាខែវិច្ឆិកាខាងមុខ ហើយលោកសង្ឃឹមថា កូនក្រុមខ្លួននឹងធ្វើបានកាន់តែល្អប្រសើរ។

    គួរបញ្ជាក់ថា ក្នុងរជ្ជកាលលោក Honda ធ្វើអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា សម្រាប់ ៣ប្រកួតបើកឆាកក្នុងដី ប្រកួតដំបូង គឺចាញ់ម៉ាឡេស៊ី ៣-២ បន្ទាប់មកបានត្រឹមស្មើក្រុមទីម័រខាងកើត ២-២ មុនបន្ដចាញ់ក្រុមជម្រើសជាតិសិង្ហបុរី ២-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីយប់មិញ នៅលើទីលានពហុកីឡដ្ឋានជាតិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ