• តារា​សម្ដែង​ជើងចាស់​ដ៏ល្បី អ្នកស្រី សាក់ ស៊ីស្បោង ​ចូលរួម​គោរព​​ ព្រះវិញ្ញាណ​ក្ខន្ធ ព្រះបរ​មរតន​កោដ្ឋ (មានវីដេអូ)

    (ភ្នំពេញ)៖ ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់តារាសម្ដែងបែបអន្តរជាតិ និយមសម្តែងតួកាច ឆ្នាស់ឆ្នើម ស៊ីវិល័យដោយរស់រវើក និងជាតារាសម្ដែង ជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា កាលពីសម័យ សង្គមរាស្រ្តនិយម គឺលោកស្រី សាក់ ស៊ីស្បោង បានបង្ហាញវត្តមាន ដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុងប្រទេសកម្ពុជា ខណៈដែលលោកស្រី បានអញ្ជើញមកចូលរួម គោរពវិញ្ញាណកន្ធ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ នេះ ធ្វើឲ្យអ្នកដែលធ្លាប់ស្គាល់ តារាសម្ដែងដ៏ល្បីល្បាញរូបនេះ មានការនឹករលឹក និងភ្ញាក់ផ្អើលចំពោះវត្តមាន និងសកម្មភាព របស់តារាសម្ដែងជើងចាស់រូបនេះ នៅក្នុងប្រទេសកម្ពុជា ស្ទើរគ្រប់ៗគ្នា។

    អ្វីដែលគេមិននឹកស្មានដល់នោះ គឺលោកស្រី សាក់ ស៊ីស្បោង បានចាកចេញពីប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីលោកស្រីបានលាឈប់ពីការសម្ដែង តាំងពីជំនាន់ មុនសម័យខ្មែរក្រហមមកម្ល៉េះ។ ទស្សនិកជន ក៏ដូចជាមហាជននៅក្នុងប្រទេសកម្ពុជា បានគិតស្មាន និងសន្និដ្ឋានថា លោកស្រី សាក់ ស៊ីស្បោង ប្រហែលជាបាត់បង់ជីវិត នៅក្នុងសម័យ ខ្មែរក្រហមបាត់ទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺលោកស្រីនៅមានជីវិត និងបានមកលេងប្រទេសកម្ពុជា ជាពិសេសនោះ គឺមកគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ទៀតផង។

    យោងតាមហ្វេសប៊ុកផេក របស់ក្រុមព្រះសុរិយា បានបង្ហាញរូបភាព លោកស្រី សាក់ ស៊ីស្បោង ក៏ដូចជាបានផ្ដល់នូវព័ត៌មាន ត្រួសៗមួយចំនួន ដើម្បីឲ្យមហាជន បានដឹង តាមរយៈរូបថតជាច្រើន ដែលក្រុមព្រះសុរិយា ថតបង្ហាញឲ្យគេសង្កេតឃើញ លោកសស្រី សាក់ ស៊ីស្បោង បានបង្ហាញនូវការសួរនាំ ក៏ដូចជាសួរសុខទុក្ខ ដល់បងប្អូនចាស់ៗ ដែលបានចូលរួម ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ ផងដែរ។

    ហ្វេសប៊ុកផេករបស់ក្រុមព្រះ សុរិយា បានសរសេរថា «នរណាមិនស្គាល់សាក់ស៊ី ស្បោង! អតីតកាល និងបច្ចុប្បន្នភាព នៃអតីតតារាភាពយន្ត សាក់ស៊ី ស្បោង តារាសម្តែងបែបអន្តរជាតិ និយមសម្តែងតួកាច ឆ្នាស់ឆ្នើម ស៊ីវិល័យដោយរស់រវើក។ ខ្សែភាពយន្តល្បីៗ របស់លោកស្រីរួមមាន រឿង «អប្សរា» រឿង «រស់ដោយសប្បាយ» រឿង «ព្រះប្រជាកុមារ» រឿង«វិលវិញណាបង» រឿង«លោហិតវាសនា» និង រឿង«សែនទារុណ» ជាដើម។

    ផេកដដែលបានបន្តថា «មកដល់ពេលនេះមហាជនជាច្រើន នៅតែចងចាំលោកស្រី ប៉ុន្តែក៏មានមហាជនខ្លះគិតថា លោកស្រីបានត្រូវខ្មែរក្រហមសម្លាប់បាត់ទៅហើយ។ ផ្ទុយទៅវិញ ចំពោះការបាត់ដំណឹង និងការពុំបង្ហាញខ្លួនជាច្រើនឆ្នាំកន្លងមកនេះ ដោយសារតែលោកស្រីរស់នៅឆ្ងាយពីមាតុប្រទេស ហើយឈប់សំរាកពីវិស័យភាពយន្ត សព្វថ្ងៃលោកស្រី បានតាំងចិត្តសាងធម៌ក្រោមពុទ្ធឱវាទ យ៉ាងខ្ជាប់ខ្ជួន»

    ហ្វេសប៊ុកផេករបស់ក្រុមព្រះ សុរិយា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា «លោកស្រី អញ្ជើញមកប្រទេសកម្ពុជា ក្នុងគោលបំណងដ៏សំខាន់ គឺមកថ្វាយបង្គំព្រះបរមចេតិយ នៃសម្តេចព្រះបរមរតនកោដ្ឋ និងផ្សាយនូវមហាកុសលថ្វាយព្រះចមក្សត្រ ដែលព្រះអង្គមានគុណ បំណាច់ច្រើនលើសលប់សម្រាប់ មាតុប្រទេសកម្ពុជា។ លោកស្រីបានធ្វើដំណើរ អស់រយៈចម្ងាយជាង១ម៉ឺនគីឡូ ដើម្បីមកចូលរួមព្រះរាជពិធី ជាមួយអង្គព្រះមហាក្សត្រ ព្រះករុណាព្រះបរមនាថ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ រួមទាំង ព្រះរាជវង្សានុវង្ស និងប្រជាជាតិខ្មែរទាំងមូល ក្នុងព្រះនគរកម្ពុជា»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ