អង់គ្លេស៖ ប្រទេសរុស្ស៊ីនឹងពង្រីក​ឥទ្ធិពលកាន់តែខ្លាំងឡើងៗ នៅប៉ុន្មាន​ឆ្នាំខាងមុខនេះ!

(ឡុងដ៏)៖ ក្រសួងការពារជាតិ​អង់គ្លេសបានចេញរបាយការណ៍​មួយ ដោយបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹង​ធ្វើការភ្ជាប់ទំនាក់ទំនង​ជាសកល នៅគ្រប់របៀបវារៈទាំងអស់​នៅក្នុងប៉ុន្មានឆ្នាំ​ខាងមុខនេះទៀត​ប៉ុណ្ណោះ ដែលវានឹងក្លាយ​ជាឥទ្ធិពលថ្មីមួយ​សម្រាប់​រុស្ស៊ី​នៅលើឆាក​អន្តរជាតិ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

នៅថ្ងៃចន្ទ​សប្តាហ៍នេះ ក្រសួងការពារជាតិ​នៃចក្រភពអង់គ្លេស បាន​ចេញ​ផ្សាយនូវ​របាយការណ៍​យុទ្ធសាស្ត្រ​សកល GST លើកទី ៦ ដែលជាការ​បន្ថែម​នូវយុទ្ធសាស្ត្រ​ការពារជាតិ​ថ្មី ពីលើយុទ្ធសាស្ត្រ​​ដែលត្រូវបាន​បង្កើត​​ឡើងកាលពី ០៣ឆ្នាំមុន។ នៅក្នុងរបាយការណ៍​នោះ​​បានបញ្ជាក់​យ៉ាង​​ដូច្នេះថា «ការផ្សាភ្ជាប់​របស់រុស្ស៊ី​របស់​ទៅក្នុងការទំនាក់ទំនង​នានាជាសកល កំពុងតែមាន​ការកើនឡើង ជាពិសេសនៅក្នុង​ដែនសមុទ្រ​ទឹកកកអាក់ទិក ក៏ដូចជាមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង​ផងដែរ…»។

ចំពោះចំណុច​ខាងលើនេះ គឺចង់សំដៅទៅលើ​ការពង្រីកវិស័យជំនួញផ្នែកថាមពល ដែលជាគោល​ចម្បងមួយ នៃការអភិវឌ្ឍ​សេដ្ឋកិច្ចរុស្ស៊ី បូករួមទាំងការ​បង្កើតទំនាក់ទំនង​ជាមួយប្រទេស​ស្ថិតនៅក្នុងគំរោងយុទ្ធសាស្ត្រនៅ​ថ្ងៃអនាគតរុស្ស៊ី ​ហើយបង្កើត​មូលដ្ឋានយោធានៅទីនោះ​​តែម្តង ជាក់ស្តែងដូច​ជារបាយការណ៍ដ៏រសើបមួយ ដែលត្រូវបានចេញ​ផ្សាយកាលពីពេល​ថ្មីៗនេះ អំពីការបង្កើត​មូលដ្ឋានទ័ពរុស្ស៊ី នៅភាគខាងកើត​លីប៊ីជាដើម។

គួរបញ្ជាក់ថា របាយការណ៍​ខាងលើនេះ គឺជាការព្រមានមួយ​ផងដែរទៅដល់បណ្តា​សម្ព័ន្ធមិត្តរបស់អង់គ្លេស អំពីឥទ្ធិពលដែលនឹងកើន​ឡើងរបស់ប្រទេសរុស្ស៊ី តាមរយៈការបង្កើន​​តួនាទីរបស់ខ្លួននៅលើឆាក​អន្តរជាតិ និងធ្វើឲ្យមាន​តុល្យភាពអំណាចឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ