លោក ស៊ុន ចាន់ថុល៖ ការចាប់រថយន្តដឹកលើសទម្ងន់គ្មានបែងចែកអ្នកមានអ្នកក្រ អ្នកមានអំណាច អ្នកគ្មានអំណាចនោះទេ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញជំហរដ៏ម៉ឹងម៉ាត់អនុវត្តន៍ច្បាប់យ៉ាងតឹងរឹងបំផុតចំពោះក្រុមអ្នករកស៊ីដឹកជញ្ជូនលើសទម្ងន់ ដែលជាបុព្វហេតុមួយនាំឲ្យខូចផ្លូវនៅកម្ពុជា។ លោកបានអះអាងថា ការអនុវត្តន៍ច្បាប់នេះ មិនមានការបែងចែករវាងអ្នកមាន អ្នកក្រ អ្នកមានអំណាច ឬអ្នកគ្មានអំណាចនោះទេ ពោលគ្រប់រថយន្តដែលដឹកលើសទម្ងន់ គឺត្រូវតែចាត់វិធានការទៅច្បាប់។

ការបង្ហាញជំហរដ៏ម៉ឹងម៉ាត់ក្នុងការកម្ចាត់រថយន្តដឹកលើសទម្ងន់លើដងវិថីនេះ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក្នុងពេលដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលផ្លូវជាតិលេខ៤៨ (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកោះកុង) ដែលផ្លូវនេះរងការខូចខាតដោយសារការដឹកលើសទម្ងន់មួយចំនួន និងមួយចំណែកទៀតដោយសារតែជំនន់ទឹកភ្លៀង។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រថយន្តដឹកលើសទម្ងន់ទាំងរថយន្តអ្នកមានអំណាច អ្នកគ្មានអំណាច អ្នកមានលុយ អ្នកគ្មានលុយ គឺសុទ្ធតែធ្វើឲ្យផ្លូវខូចខាតទាំងអស់។ លោកថា មន្រ្តីគ្រប់គ្រងការដឹកជញ្ជូនរបស់ក្រសួងសាធារណការ នឹងអនុវត្តន៍ដ៏តឹងរឹងបំផុតដោយគ្នាការយោគយល់ គ្មានការអន្តរាគមន៍ ឬខ្លាចរអាចំពោះការគំរាមកំហែងរបស់អ្នកមានឥទ្ធិពល និងមានអំណាចនោះឡើយ។

«សូមជម្រាបថាអត់មានកាងទេ ឯកឧត្តម សេង ឈួន ចាប់ទាំងអស់ អត់មានថាឡានអ្នកនេះ ឡានអ្នកធំ ឡានអ្នកតូច។ ឡានអ្នកតូចក៏ខូចផ្លូវ ឡានអ្នកតូចក៏ខូចផ្លូវដែរ។ មិនមែនថា ឡានអ្នកធំបើកទៅអត់ខូចផ្លូវទេ អ៊ីចឹងចាប់ទាំងអស់ឡាននរណាក៏ដោយឲ្យតែលើសទម្ងន់កំណត់ គឺយើងខ្ញុំត្រូវតែចាប់ហើយ»។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់។

លោករដ្ឋមន្ត្រី ដែលកំពុងសាងភាពលេចធ្លោលើការងារបស់ខ្លួនរូបនេះបានបន្ថែមថា «យើងខ្ញុំមិនអនុញ្ញាតឲ្យមានការរើសអើងរវាងអ្នកដឹកជញ្ជូនតូចតាច ឬក្រុមហ៊ុនដឹកជញ្ជូនធំៗដែលល្មើសច្បាប់ទេ ត្រូវតែអនុវត្តន៍ឲ្យស្មើភាពគ្នា។ ច្បាប់យើងអត់មានធ្វើសម្រាប់អ្នកតូច អ្នកធំ អ្នកមាន អ្នកក្រទេ គឺច្បាប់ត្រូវតែគោរពទាំងអស់គ្នាទូទាំងប្រទេសរបស់យើង»។

ផ្លូវជាតិសំខាន់ៗរបស់កម្ពុជាជាច្រើនដែលខ្ចីថវិកាបរទេសយកមកសាងសង់ក្នុងតម្លៃរាប់រយលានដុល្លារក្នុងមួយខ្សែៗនោះ ត្រូវបានគេមើលឃើញថាតែងឆាបខូចខាតទៅវិញ។ ការខូចខាតនោះមួយផ្នែកធំ គឺបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ធ្លាប់បានអំពាវនាវ និងដាក់ចេញបទបញ្ជាអនុវត្តន៍ច្បាប់ឲ្យបានរឹងរឹងបំផុត និងគ្មានការយោគយល់នោះឡើយទៅលើក្រុមរកស៊ីដឹកជញ្ជូនលើសទម្ងន់ទាំងអស់នោះ។

តាមរូបមន្តគណនាដឹកលើសទម្ងន់ បានបង្ហាញថា រថយន្តមួយគ្រឿងដឹកលើសទម្ងន់កំណត់ ១តោន ស្មើនឹងរថយន្ត ១ពាន់គ្រឿងឆ្លងកាត់លើផ្លូវនោះ ហើយបើរថយន្តមួយគ្រឿង ដឹកលើសទម្ងន់រហូតដល់ទៅ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងបានបើកបរនៅលើផ្លូវនោះ។

ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់នេះបច្ចុប្បន្ននេះមានស្ថានីយជញ្ជីងថ្លឹងរថយន្តចំនួន២៥ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវជាតិសំខាន់សម្រាប់ថ្លឹងរថយ្តដឹកទំនិញធំៗទប់ស្កាត់ការដឹកលើសទម្ងន់។ បន្ថែមពីលើនោះក្រុមការងារជញ្ជីងចល័តដឹកនាំដោយលោក សេង ឈួន ប្រធានក្រុមការងារត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ ដើម្បីស្ទាក់ថ្លឹងរថយន្តដឹកទំនិញតាមដងវិថី។

រថយន្តដឹកលើសទម្ងន់ជាច្រើនគ្រឿងត្រូវបានឆ្មក់ចាប់ជាបន្តបន្ទាប់ និងត្រូវបានពិនិត្យជាប្រាក់ទៅច្បាប់ស្តីពីការដឹកលើសកម្រិតទម្ងន់ដែលកំណត់ផងដែរ។ តែគេបានមើលឃើញថា បើទោះបីមានការផាកពិន័យយ៉ាងក៏ដោយ ក៏ការដឹកជញ្ជូនលើសទម្ងន់កំណត់នេះ មិនមានការថមថយនោះឡើយ។ របាយការណ៍ចាប់រថយន្តដឹកលើសទម្ងន់កំណត់របស់ក្រសួងសាធារណការពីមួយខែទៅមួយការចាប់រថយន្តដឹកលើសទម្ងន់មានកំណើនជានិច្ច។

របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល៩ខែឆ្នាំ២០១៨នេះ រថយន្តដឹកលើសទម្ងន់ហើយត្រូវបានផាកពិន័យមានចំនួនសរុបរហូតដល់ទៅ ២,០២៩គ្រឿង ក្នុងនោះរថយន្ត ៣២២គ្រឿង ត្រូវបានផាកពិន័យដោយក្រុមជញ្ជីងចល័ត។ បើតាមរបាយការណ៍បង្ហាញថា ក្នុងរថយន្តមួយគ្រឿងៗដឹកលើសទម្ងន់ប្រមាណ ៥តោន ទៅ ៣០តោន ឬ ៤០តោនជាដើម។

ទន្ទឹមនឹងប្រកាសពីចំណាត់ការច្បាប់ដ៏តឹងរឹងហើយនោះ លោក ស៊ុន ចាន់ថុល បានទទូចសុំចិត្តអ្នករកស៊ីទាំងអស់ ឲ្យបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់កំណត់ អានិតផ្លូវ អានិតរាជរដ្ឋាភិបាល ដែលខិតខំរកថវិកាមកសាងសង់ និងជួសជុលថែទាំផ្លូវ ដើម្បីបម្រើសេដ្ឋកិច្ចជាតិ។ លោកទេសរដ្ឋមន្ត្រី ក៏សុំឲ្យអ្នករកស៊ីដឹកលើសទម្ងន់ទាំងនោះ ចេះខ្មាសអៀនខ្លួនឯងចំពោះការរកស៊ីបំពានច្បាប់បែបនេះ។

លោក ស៊ុន ចាន់ថុល បានអំពាវនាវបែបនេះ «ក្រុមហ៊ុនដឹកទំនិញសូមមេត្តាអានិតអាសូរផ្លូវផង អានិតរាជរដ្ឋាភិបាលផង ដែលខិតខំរកថវិកាមកសាងសង់ផ្លូវឲ្យយើងធ្វើដំណើរបានល្អ ដឹកទំនិញបានល្អ ដើម្បីសេដ្ឋកិច្ចជាតិយើងមានការរីកចម្រើន។ កុំរកស៊ីចំណេញតែខ្លួនឯង គិតប្រទេសជាតិផង អ៊ីចឹងសុំកុំដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់»។

លោកទេសរដ្ឋមន្ត្រី បន្តដាស់ស្មារតីអ្នកដឹកជញ្ជូនចូលចិត្តរកស៊ីដឹកលើសទម្ងន់ទៀតថា «ខ្ញុំសូមអំពាវនាវម្តងហើយម្តងទៀតថា សូមមេត្តាឈប់ដឹកទំនិញលើសទម្ងន់បំផ្លាញផ្លូវជាតិ។ គួរតែខ្មាសខ្លួនយើងនេះ ម្ចាស់ដឹកទំនិញនេះគួរឆ្លុះកញ្ចក់ខ្លួនយើង អ្នកធ្វើអាជីវកម្មហ្នឹងគួរតែឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល វះកាត់ខ្លួនឯងផង។ ខ្លួនយើងនេះ ដែលជាអ្នកបំផ្លាញផ្លូវជាតិយើងនេះ គួរតែអាម៉ាសខ្លួនឯងមិនបាច់ឲ្យយើងខ្ញុំដាស់តឿនទេ គួរតែចូលរួម។ តើសម្តេចពិបាកយ៉ាងម៉េចខ្លះក្នុងការទាក់ទាញ ពន្យល់ ស្នើសុំប្រាក់កម្ចី ស្នើសុំប្រាក់ជំនួយឥតសំណង រកថវិកាជាតិ ប្រមែប្រមូលមកជួសជុល និងសាងសង់ផ្លូវ»៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ