(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool បានវិលត្រឡប់មកដល់មូលដ្ឋានហ្វឹកហាត់ Melwood វិញហើយបន្ទាប់ពីរងរបួសនៅក្នុងការប្រកួតអន្តរជាតិរបស់ប្រទេសអេហ្ស៊ីប ដោយរាយការណ៍ជំហានដំបូងនេះបានបន្តថា របួសរបស់ Salah មិនធ្ងន់ធ្ងរនោះទេ ក្រោយជួយឲ្យក្រុមអេហ្ស៊ីប ឈ្នះក្រុមស្វាហ្សេឡង់ ៤-១ កាលពីសប្តាហ៍មុនក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations។
លោក Hany Ramzy បានប្រាប់សារព័ត៌មាន beIN SPORTS ថា របួសរបស់កីឡាករវ័យ ២៦ឆ្នាំ Salah ត្រូវបានធូរស្បើយ និងអាចចូលរួមប្រកួតឡើងវិញក្នុងពេលឆាប់ៗនេះ នេះបើយោងតាមសំដីរបស់ជំនួយការអ្នកចាត់ការក្រុមជម្រើសជាតិអេហ្ស៊ីប ដែលបានលើកឡើងថា របួសនោះគ្រាន់តែជាការឈឺរោយដោយសារតឹងសាច់ដុំប៉ុណ្ណោះ។
សូមបញ្ជាក់ផងថា Salah ត្រូវឆ្លងកាត់ការថតស្កែនបន្ថែមទៀត ដើម្បីដឹងប្រាកដថា របួសនេះធ្ងន់ធ្ងរកម្រិតណា និងដើម្បីដឹងថាត្រូវចំណាយពេលសម្រាកព្យាបាលប៉ុន្មានដើម្បីឲ្យជាសះស្បើយដូចដើមវិញ ខណៈការប្រកួតក្នុងក្របខណ្ឌ Premier League ក្រុមហង្សក្រហម Liverpool ត្រូវប៉ះក្លឹប Huddersfield Town នាថ្ងៃទី២០ ខែតុលាចុងសប្តាហ៍នេះ៕